ក្រុមហ៊ុនអ្នកឧកញ៉ា សួរ វីរៈ ទទួលបានការ​គាំទ្រលើគម្រោងអភិវឌ្ឍឆ្នេរព្រែកស្នេហ៍ នៅក្រុងខេមរភូមិន្ទ

ក្រុមហ៊ុន ​វិរៈប៊ុនថាំ​ អេចប្រេស​ ដែលមានអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកនោះ បានទទួលការ​គាំទ្រលើគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរសមុទ្រ​(ឆ្នេរព្រែកស្នេហ៍) ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

តាមដានជាមួយយើង៖ Million Times

ការទទួលបានការគាំទ្រនេះ ធ្វើឡើងក្នុងវេទិកាសាធារណៈពិគ្រោះយោបល់ លើករណីគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរសមុទ្រ(ឆ្នេរព្រែកស្នេហ៍) របស់ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ក្រោមអធិបតីភាពរបស់ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥កន្លងទៅនេះ។

វេទិកានេះ ក៏មានការ​ចូលរួមពីឯកឧត្តម​ ប៉ែន​ សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃគណៈក​ម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មន្ត្រីពាក់ព័ន្ធ តំណាងក្រុមហ៊ុន​ វិរៈប៊ុនថាំ​ អេចប្រេស​ និងប្រជាពលរដ្ឋ ផងដែរ។

បើតាមគណៈក​ម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា វេទិកាសាធារណៈនេះ​ មានគោលបំណងពិគ្រោះយោបល់ជាសាធារណៈជាមួយប្រជាពលរដ្ឋ​ លើករណីគម្រោងអភិវឌ្ឍរមណីយដ្ឋានតំបន់ឆ្នេរសមុទ្រ​ ​(ឆ្នេរព្រែកស្នេហ៍) របស់ក្រុមហ៊ុន​ វិរៈប៊ុនថាំ​ អេចប្រេស​។

ប្រភពដដែល បានឱ្យដឹងបន្តថា អង្គវេទិកាសាធារណៈទាំងមូល​បានរីករាយ​ អបអរសាទរ​ និង​គាំទ្រ​ គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនខាងលើ​ ដើម្បីលើកកម្ពស់អភិវឌ្ឍឆ្នេរសមុទ្រ ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ។

ដោយឡែកចំពោះលក្ខណៈបច្ចេកទេសលម្អិតនៃគម្រោង​ និង​ការចូលរួមអភិវឌ្ឍគម្រោងរបស់ម្ចាស់ក្បាលដី ដែលពាក់ពន្ធ័​ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈក​ម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងអាជ្ញាធរ​ខេត្ត នឹងរៀបចំលម្អិតអំពីនីតិវិធីបន្ត៕

អត្ថបទ៖ វីរៈ រូបភាព៖ គណៈក​ម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា