សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា​ ប្រសិនបើប្រជាពលរដ្ឋខ្មែរ ឈឺចាប់ពីការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជានោះ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀត។

តាមដានជាមួយយើង៖ Million Times

តាមរយៈសារបង្ហោះនៅលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី ៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ប្រសិនបើប្រជាពលរដ្ឋខ្មែរឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។

យ៉ាងណាក៏ដោយ សម្ដេចប្រធានព្រឹទ្ធសភា បានអំពាវនាវថា សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ សម្ដេចនៅតែជឿថា ប្រជាជនថៃភាគច្រើន មិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរបន្ថែមថា «ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វិលលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា»។

បើតាមសម្ដេចប្រធានព្រឹទ្ធសភា «យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឱ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល»។

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជាថា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។ ជាចុងក្រោយ សម្ដេចចង់ជម្រាបទៅប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋនៅជិតព្រំដែនថៃ សូមប្រញាប់ប្ដូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគំរាមដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិ៕

អត្ថបទ៖ វីរៈ រូបភាព៖ ព្រឹទ្ធសភា