សមាគមកាហ្វេកម្ពុជា ចាប់ដៃគូជាមួយវិស័យឯកជនពង្រីកឱកាសសម្រាប់វិស័យកាហ្វេ នៅកម្ពុជា

សមាគមកាហ្វេកម្ពុជា (CCA) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី និងក្រុមហ៊ុន នីលីដា ឯ.ក ដើម្បីពង្រីកឱកាសសម្រាប់វិស័យកាហ្វេនៅកម្ពុជា។ ការចុះ MOU នេះ បានធ្វើឡើងកាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ ក្រោមវត្តមានកិត្តិយសរបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី ២ ព្រឹទ្ធសភា និងជាប្រធានកិត្តិយសរបស់សមាគមកាហ្វេកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងថា ទំហំនៃការនាំចូលកាហ្វេមកកម្ពុជាមានប្រមាណ ១០ ០០០តោន/ឆ្នាំ ដែលទំហំនេះត្រូវការផ្ទៃដីដាំដុះចំនួន ៥ ០០០ហិកតា (ទិន្នផលប្រហែល ២តោន/ហិកតា)។ ដូចនេះ កម្ពុជាគួរតែពង្រីកផ្ទៃដីដាំដុះកាហ្វេយ៉ាងហោចណាស់ពី ៥ ០០០-១០ ០០០ហិកតា ដើម្បីធានាតម្រូវក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា ក្នុងបរិបទដែលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ បានផ្តល់ឱកាសដល់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពផលិតរបស់ខ្លួន ព្រោះបញ្ហានេះ បានធ្វើឱ្យប្រជាជន មាននិន្នាការងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុលផុស ហើយការកែច្នៃផលិតផលក្នុងស្រុក ក៏កើនឡើងយ៉ាងគំហុក ដែលនេះជាចំណុចសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព។

ចំណែកសមាគមកាហ្វេកម្ពុជា (CCA) បានឱ្យដឹងដែរថា ភាពជាដៃគូជាមួយវិស័យឯកជននេះ មានគោលបំណងជំរុញផលិតកម្មកាហ្វេប្រកបដោយនិរន្តរភាព គាំទ្រកសិករជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុ និងធាតុចូល ដើម្បីពង្រីកឱកាសសម្រាប់វិស័យកាហ្វេរបស់កម្ពុជា ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងប្រមាណជាង ១០,០០០ តោនក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ សមាគមកាហ្វេកម្ពុជា ក៏បានប្រកាសស្វាគមន៍វិនិយោគិន និងដៃគូទាំងអស់ឱ្យចូលរួមជាមួយខ្លួនក្នុងការកសាងអនាគតដ៏រឹងមាំ និងនិរន្តរភាពសម្រាប់ឧស្សាហកម្មកាហ្វេកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ សមាគមកាហ្វេកម្ពុជា