ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យប្រណីតមួយ គឺក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក ត្រូវបានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អនុម័តឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ខ្លួន។


ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកទី ២៦ អាណតិ្តទី១ ក្រោមអធិបតីភាពឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥។
ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអនុម័តលើការស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក នៅក្នុងទីផ្សារកំណើននៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក គឺជាក្រុមហ៊ុនដែលមានអាជីវកម្មចម្បងខាងអភិវឌ្ឍអចលនទ្រព្យប្រណីតនៅកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍអគារសម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម និងការប្រើប្រាស់ចម្រុះ ហើយអតិថិជនគោលដៅ គឺផ្តោតលើប្រជាជនដែលមានចំណូលខ្ពស់។
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក បានស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ដែលជាប្រភេទមូលបត្រកម្មសិទ្ធិដែលមានសិទ្ធិបោះឆ្នោតចំនួន ១០.០០០.០០០ ឯកតាមូលបត្រកម្មសិទ្ធិ សមមូលនឹង ២០% នៃចំនួនមូលបត្រកម្មសិទ្ធិសរុបរបស់ក្រុមហ៊ុន និងមានថ្លៃលក់ ៤.៨០០ (បួនពាន់ប្រាំបីរយ) រៀល ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ដោយក្នុងនោះក្រុមហ៊ុននឹងផ្តល់ទិន្នផលភាគលាភដែលមានការធានាប្រចាំឆ្នាំ ៧% សម្រាប់រយៈពេល ៥ ឆ្នាំ។
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក គឺជាក្រុមហ៊ុនបោះផ្សាយទី៣ ដែលបានអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅលើទីផ្សារកំណើននៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
ការអនុម័តលើ ការស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក និងសេចក្តីព្រាងប្រកាសស្តីពី“ការបោះផ្សាយលក់មូលបត្របំណុលជាឯកជន របស់ ន.ម.ក.” បានចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបង្កើនចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ ព្រមទាំងស្របតាមតម្រូវការចាំបាច់ចំពោះមុខ សម្រាប់ការបន្តអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា៕
អត្ថបទ៖ វីរៈ រូបភាព៖ និយ័តករមូលបត្រកម្ពុជា