ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួន ២ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ប្រហាក់ប្រហែលគ្នា

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួន ២ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ប្រហាក់ប្រហែលគ្នា ខណៈនៅសល់ ៣ខែទៀត នឹងដាច់ឆ្នាំ ២០២៥។ ស្ថាប័នហិរញ្ញវត្ថុទាំងនោះ រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

កាលពីថ្ងៃទី ៣០ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយការណ៍មួយ ដោយបង្ហាញពីការរក្សាបានរបស់កម្ពុជានូវភាពធន់ផ្នែកសេដ្ឋកិច្ច បើទោះជាបានព្យាករកំណើនទាបជាងមុន។ របាយការណ៍ ADB បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% កាលពីខែមេសា មក ៤,៩% នៅខែកញ្ញា សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។

តាមដានជាមួយយើង៖ Million Times

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា បាននិយាយក្នុងរបាយការណ៍នេះថា សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ។ កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ។ នាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព។

ចំណែកឯមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញការព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុងរង្វង់ ៤.៨%។ ការបង្ហាញការព្យាករនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមជំនាញការបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើការវាយតម្លៃស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ដែលដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រុមជំនាញការបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរ ជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម កាលពីថ្ងៃទី២ ខែ កញ្ញា ឆ្នាំ ២០២៥កន្លងទៅនេះ។

ក្នុងកិច្ចប្រជុំនេះ លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម បានបង្ហាញពីលទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុង រង្វង់ ៤.៨% ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ស្របពេលដែលមានស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនគោក កម្ពុជា-ថៃ។  

បន្ថែមលើនេះ លោកប្រធានក្រុមបេសកកម្ម បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនការក្នុងគន្លងនៃ កំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្នុងនោះ ការកៀរគរចំណូលនៅតែបន្តជាអាទិភាព ក្នុងការបង្កើនឡើងវិញនូវទ្រនាប់ថវិកាជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខ និងការបន្តលើកកម្ពស់ផលិតភាព និងសមត្ថភាពពលកម្ម, ការបង្កើនភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយចម្រុះ (mixed policy) រវាងគោលនយោបាយសារពើពន្ធ, គោលនយោបាយរូបិយវត្ថុ, និងការកែទម្រង់ជារចនាសម្ព័ន្ធ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម