ល្អណាស់! ក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយ ផ្ដល់អ៊ីនធើណេតពេញមួយឆ្នាំឥតគិតថ្លៃ ដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន ៣០០៣នាក់

ពិតជាល្អណាស់! ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទដ៏ធំមួយ គឺស្មាត អាស៊ាតា ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា បានប្រកាសផ្ដល់សេវាអ៊ីនធើណេតដោយឥតគិតថ្លៃពេញមួយឆ្នាំ ជូនដល់សិស្សានុសិស្សដែលបានប្រឡងបាក់ឌុប ជាប់និទ្ទេស A ចំនួន ៣០០៣នាក់។

តាមដានជាមួយយើង៖ Million Times

ការប្រកាសផ្ដល់ជូននេះ ស្របពេលដែលឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ច (Smart Startup Space) របស់ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី កាលពីថ្ងៃទី១​ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្ដមរដ្ឋមន្ត្រីអប់រំ បានឱ្យដឹងថា ក្នុងឱកាសនោះ ក្រុមហ៊ុនស្មាត អាស៊ាតា បានប្រកាសផ្តល់សេវាអ៊ីនធើណេតដោយឥតគិតថ្លៃរយៈពេល១២ខែ ជូនដល់សិស្សានុសិស្សដែលបានប្រឡងបាក់ឌុប ជាប់និទ្ទេស A ទូទាំងប្រទេសកម្ពុជាចំនួន ៣០០៣នាក់។

បើតាមឯកឧត្ដម ហង់ជួន ណារ៉ុន ចំពោះការផ្ដល់នេះ គឺដើម្បីជាការលើកទឹកចិត្ត ដល់ការខិតខំប្រឹងប្រែងរបស់ សិស្សានុសិស្សទាំងនោះ ក៏ដូចជាជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ការសិក្សាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ដោយឡែកក្រុមហ៊ុន ស្មាត អាស្យាតា បានឱ្យដឹងដែរថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្ដមរដ្ឋមន្ត្រីអប់រំ គឺបានស្វែងយល់ពីកម្មវិធីបណ្ដុះធុរកិច្ចថ្មី (entrepreneurship incubation program) របស់ក្រុមហ៊ុន និងបានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងអតីតនិស្សិតដែលទទួលបានអត្ថប្រយោជន៍ក្រោមគំនិតផ្តួចផ្តើមនានា ទាក់ទងនឹងការអប់រំរបស់ស្មាត។

ដំណើរទស្សនកិច្ចនេះ ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន ស្មាត អាស្យាតា ក្នុងការផ្តល់លើកកម្ពស់យុវជនកម្ពុជា តាមរយៈអាហារូបករណ៍ កម្មវិធីអក្ខកម្មឌីជីថល ការអប់រំឌីជីថល និងឱកាសនានាក្នុងផ្នែកនវានុវត្តន៍ជាច្រើនទៀត ផងដែរ។​

ជាមួយគ្នានេះ ក្រុមហ៊ុន ស្មាត អាស្យាតា បានបញ្ជាក់ថា ខ្លួននៅតែបន្តប្តេជ្ញាចិត្តគាំទ្រអ្នកដឹក​នាំជំនាន់ក្រោមរបស់ព្រះរាជាណាចក្រកម្ពុជា និងជំរុញឧត្តមភាពអប់រំ តាមរយៈភាពជាដៃគូ និងគំនិតផ្តួចផ្តើមប្រកបវឌ្ឍនភាព៕​

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្ដមរដ្ឋមន្ត្រីអប់រំ