គ្រួសារប្រធានាធិបតីអាមេរិក ប្រកាសបញ្ចេញលក់ទូរស័ព្ទស្មាតហ្វូនតម្លៃជិត ៥០០ដុល្លារ

គ្រួសាររបស់ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពីផែនការអាជីវកម្មថ្មីស្រឡាង នោះគឺការបញ្ចេញលក់ទូរស័ព្ទស្មាតហ្វូន ដោយដាក់ឈ្មោះថា Trump Mobile។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

បន្ថែមពីការបញ្ចេញលក់ទូរស័ព្ទស្មាតហ្វូន គ្រួសារត្រកូល Trump ក៏បានបង្កើតនូវក្រុមហ៊ុនទូរគមនាគមន៍ ផ្គត់ផ្គង់សេវាទូរស័ព្ទមួយទៀតផងដែរ។

ទូរស័ព្ទស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនលោក Trump ត្រូវបានរចនាឡើងដោយមានពណ៌មាសពេញមួយតួទូរស័ព្ទ និងមានតម្លៃ ៤៩៩ដុល្លារ ហើយត្រៀមបង្ហាញវត្តមានដាក់លក់លើទីផ្សារនៅខែសីហាខាងមុខ។

ចំណែកឯក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទវិញ គឺត្រូវបានលក់ជាកញ្ចប់ប្រចាំខែ ៤៧,៤៥ដុល្លារក្នុងមួយខែ ដើម្បីសម្គាល់ថា លោក Donald Trump បានកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី៤៧ និងទី៤៥ ខណៈតម្លៃប្រចាំខែនេះ នឹងឲ្យអតិថិជនប្រើប្រាស់អ៊ីនធឺណិត ផ្ញើសារ និងតេដោយគ្មានដែនកំណត់៕

អត្ថបទ៖ Luffy រូបភាព៖ Bloomberg