ប្រធានាធិបតីអាមេរិក Donald Trump នឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីងតោនវិញនាព្រឹកនេះ ដោយចាកចេញពីកិច្ចប្រជុំកំពូល G7 កំពុងធ្វើឡើងនៅប្រទេសកាណាដា មុនពេលកំណត់មួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


អ្នកនាំពាក្យសេតវិមានអ្នកនាង Karoline Leavitt បានអះអាងថា ការចាកចេញរបស់លោក Trump គឺដោយសារមានកិច្ចការបន្ទាន់ ដែលតម្រូវឲ្យលោកត្រូវដោះស្រាយជាចាំបាច់។
ការងារបន្ទាន់ដែលតម្រូវឲ្យមេដឹកនាំអាមេរិក ត្រូវចាកចេញពីតុប្រជុំ G7 បន្ទាន់បែបនេះ គឺស្ថានការណ៍សង្គ្រាមតឹងតែងនៅតំបន់មជ្ឈិមបូព៌ា ស្របពេលប្រធានាធិបតីបារាំង Emmanuel Macron បានបង្ហើបថា លោក Trump បានដាក់សំណើបទឈប់បាញ់ទៅកាន់ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់រួចរាល់ហើយ។
សូមជម្រាបដែរថា បច្ចុប្បន្នកិច្ចប្រជុំកំពូល G7 ដែលមានកាណាដាជាម្ចាស់ផ្ទះកំពុងប្រព្រឹត្តទៅ ក្រោមការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចជាន់ខ្ពស់ដូចជា អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអាមេរិក រួមទាំងសហភាពអឺរ៉ុបផងដែរ ខណៈកិច្ចប្រជុំនេះធ្វើឡើងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែមិថុនា៕
អត្ថបទ៖ Luffy រូបភាព៖ Reuters