ក្រុមហ៊ុនកំពូលរថយន្ត Aston Martin បានប្រកាសពីផែនការផលិតរថយន្តពិសេស ដែលមានតែ ១០គ្រឿងប៉ុណ្ណោះលើពិភពលោក ដោយបានដាក់ឈ្មោះរថយន្តនោះថា Valkyrie LM។


គេហទំព័រ LuxuryLaunches បានរាយការណ៍ថា រថយន្ត Valkyrie LM គឺមានកម្លាំងខ្លាំង ដើម្បីត្រៀមយកទៅប្រណាំងក្នុងកម្មវិធី Le Mans ហើយវាត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ៧លានដុល្លារអាមេរិកក្នុងមួយគ្រឿង។
ការដាក់លក់រថយន្តកម្លាំងម៉ាស៊ីនកប់ក្ដោងរបស់ Aston Martin ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនកម្មវិធីប្រណាំងរថយន្តលំដាប់ពិភពលោក Le Mans ចាប់ផ្ដើមនៅថ្ងៃទី១៤ និងទី១៥ ខែមិថុនា ជាមួយក្ដីរំពឹងថា ពួកគេនឹងឈ្នះពានរង្វាន់ក្នុងការប្រណាំងរថយន្ត ២៤ម៉ោងពេញមិនសម្រាក។
បើសិនជារថយន្ត Valkyrie របស់ Aston Martin ទទួលបានជ័យលាភីមែន នោះវានឹងក្លាយជាពានរង្វាន់ដំបូងក្នុងរយៈពេលជាង ៦០ឆ្នាំចុងក្រោយ ហើយរថយន្តមួយម៉ូដែលនេះ នឹងមានតម្លៃកាន់តែខ្ពស់ និងមានឈ្មោះក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុនជាមិនខាន៕



អត្ថបទ៖ Luffy រូបភាព៖ LuxuryLaunches