ក្រុមហ៊ុនសេវាកម្មបច្ចេកវិទ្យា និងផ្ដល់ប្រឹក្សា Capgemini បានបញ្ចេញរបាយការណ៍មួយស្ដីពីការកើនឡើងនៃចំនួនសេដ្ឋីទូទាំងសកលលោក ដោយអះអាងថា កាលពីឆ្នាំមុនចំនួនសេដ្ឋីនៅលើពិភពលោក មានឈានដល់ចំណុចកំពូលមិនធ្លាប់មាន។
Capgemini បានបញ្ជាក់ថា ចំនួនសេដ្ឋីនៅលើពិភពលោកបានកើនឡើង ២,៦% បើធៀបនឹងឆ្នាំ២០២៣ ពោលចំនួនសេដ្ឋីនៅក្នុងឆ្នាំ២០២៤ មានរហូតដល់ ២៣,៤លាននាក់។ ទ្រព្យសម្បត្តិសរុបរបស់ក្រុមសេដ្ឋីទូទាំងសកលលោក គឺមានរហូតដល់ ៩០,៤៧ទ្រីលានដុល្លារ កើនឡើង ៤,២% បើសិនធៀបនឹងឆ្នាំ២០២៣។


កំណើនចំនួនសេដ្ឋីបានកើនឡើង ចំពេលស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុងជាប់ក្នុងភាពស្រពិចស្រពិល ខណៈកត្តាជំរុញឲ្យកំណើនសេដ្ឋីកើនខ្ពស់ខ្លាំងបែបនេះ គឺដោយសារផលចំណេញពីផលបត្រលើទីផ្សារហ៊ុនអាមេរិក។
ក្នុងនោះ សហរដ្ឋអាមេរិកកត់ត្រាកំណើនសេដ្ឋីបានច្រើនបំផុត ៥៦២ ០០០នាក់ ស្របពេលជប៉ុនមានសេដ្ឋីថ្មីៗ ២១០ ០០០នាក់ និងឥណ្ឌាមាន ២០០ ០០០នាក់ ខណៈចិនបែរជាមានចំនួនសេដ្ឋីថយចុះ ១% ដោយសារវិបត្តិអចលនទ្រព្យរ៉ាំរ៉ៃក្នុងប្រទេស៕
អត្ថបទ៖ Luffy រូបភាព៖ VNExpress