ក្រោយដើរចេញពីជួររដ្ឋបាលប្រធានាធិបតី Donald Trump មហាសេដ្ឋី Elon Musk បានបង្ហោះសារលើបណ្ដាញសង្គម រិះគន់ចំពោះផែនការពន្ធគយរបស់រដ្ឋាភិបាល និងបានបង្កជាជម្លោះពាក្យសម្ដីលើបណ្ដាញអ៊ីនធឺណិត រវាងមេដឹកនាំអាមេរិក និងកំពូលមហាសេដ្ឋីរូបនេះ។
ជម្លោះរវាងលោក Trump និងលោក Musk បានធ្វើឲ្យក្រុមហ៊ុន Tesla រងការខាតបង់ជាទម្ងន់ ដោយនៅថ្ងៃទី០៥ ខែមិថុនា តម្លៃហ៊ុនរបស់ Tesla បានធ្លាក់រហូតដល់ ១៤% និងធ្វើឲ្យក្រុមហ៊ុនបាត់បង់មូលធនទីផ្សារដល់ទៅ ១៥០ពាន់លានដុល្លារឯណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


មហាសេដ្ឋី Elon Musk បានរិះគន់យ៉ាងខ្លាំងចំពោះផែនការពន្ធគយរបស់លោក Trump ជាពិសេសគឺកញ្ចប់ចំណាយ ដែលប្រធានាធិបតីអាមេរិក កំពុងស្នើសុំការអនុញ្ញាតពីសភា។ មេធំ Tesla អះអាងថា ការចំណាយរបស់រដ្ឋបាលលោក Trump មានចំនួនច្រើនលើសលុប និងមិនខ្វល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដែលព្យាយាមជួយសន្សំសំចៃគ្រប់បែបយ៉ាង។
លោក Donald Trump ក៏បានសរសេរសារឆ្លើយតបវិញថា ការរិះគន់របស់ Elon Musk កើតឡើងដោយសារផែនការពន្ធគយរបស់លោក នឹងធ្វើឲ្យក្រុមហ៊ុនរថយន្តអគ្គិសនីខាតបង់ផលប្រយោជន៍មួយចំនួនធំ ដូច្នេះហើយទើប Elon Musk មិនឯកភាព និងរិះគន់ខ្លាំងចំពោះរដ្ឋបាលខ្លួន៕
អត្ថបទ៖ Luffy រូបភាព៖ NBC