ថ្មីៗនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលព្រមស្ម័គ្រចិត្តចាកចេញពីសហរដ្ឋអាមេរិកតាមសម្រួល នឹងទទួលបានប្រាក់ឧបត្ថម្ភ ១ ០០០ដុល្លារក្នុងម្នាក់។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន AP។


នាយកដ្ឋានសន្តិសុខមាតុភូមិបានឲ្យដឹងថា ជនភៀសខ្លួនខុសច្បាប់នៅអាមេរិក ដែលព្រមចាកចេញទៅប្រទេសកំណើតតាមសម្រួល នឹងទទួលបានការឧបត្ថម្ភជាច្រើនពីរដ្ឋាភិបាល។ ពួកគេអាចទាក់ទងមកកាន់អាជ្ញាធរ តាមរយៈកម្មវិធី CBP Home ដោយគ្រាន់តែជូនដំណឹងពីផែនការនៃការវិលទៅប្រទេសកំណើត នោះនឹងទទួលបានទឹកប្រាក់ ១០០០ដុល្លារ រួមទាំងថ្លៃធ្វើដំណើរថែមទៀត។
ជនភៀសខ្លួនដែលស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតដោយខ្លួនឯង នឹងមិនត្រូវជាប់ទោសឃុំឃាំង ឬស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិកឡើយ បើទោះជាពួកគេរស់នៅអាមេរិកដោយខុសច្បាប់ក្ដី។

នាយកដ្ឋានសន្តិសុខមាតុភូមិសង្កត់ធ្ងន់ថា ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ គួរតែប្រញាប់ស្ម័គ្រចិត្តទទួលយកសំណើរបស់រដ្ឋាភិបាល ដ្បិតបើសិនជាអាជ្ញាធរឃាត់ខ្លួនពួកគេបាន និងដាក់ឈ្មោះក្នុងបញ្ជីខ្មៅ ពួកគេត្រូវបង់ប្រាក់រហូតដល់ ១៧ ១២១ដុល្លារក្នុងម្នាក់។
សូមជម្រាបដែរថា វិធានការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីអាមេរិក នៅតែជាអាទិភាពសម្រាប់រដ្ឋបាលលោក Trump ពោលតាំងពីឡើងអង្គុយកៅអីប្រធានាធិបតី មេដឹកនាំអាមេរិករូបនេះបានបណ្ដេញជនភៀសខ្លួនខុសច្បាប់រាប់សែននាក់ ប៉ុន្តែរបាយការណ៍បង្ហាញថា បច្ចុប្បន្នជនអន្តោប្រវេសន៍ខុសច្បាប់កំពុងរស់នៅអាមេរិក មានចំនួនរាប់លាននាក់ឯណោះ។
ដូច្នេះហើយទើបរដ្ឋបាលលោក Trump សម្រេចចិត្តប្រើទាំងធម៌ក្ដៅ និងធម៌ត្រជាក់ ដើម្បីឆាប់សម្រេចបាននូវផែនការលុបបំបាត់ជនភៀសខ្លួនខុសច្បាប់នៅអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ AFP