សម្តេច ហ៊ុន សែន លើកទឹកចិត្តឱ្យមេដឹកនាំអាស៊ានជំនាន់ថ្មីបង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន

នៅទីស្នាក់ការអគ្គលេខាធិការដ្ឋានអាស៊ាន ប្រទេសឥណ្ឌូនេស៊ី សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាល្ងាចថ្ងៃទី៥ ខែឧសភា បានជំរុញឱ្យមេដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់។

តាមដានជាមួយយើង៖ Million Times

សម្ដេចបានថ្លែងពីការពង្រឹងទំនាក់ទំនងជាមួយបណ្ដាមេដឹកនាំនានាក្នុងតំបន់អាស៊ាន ដើម្បីអាចគ្រប់គ្រងស្ថានការណ៍ ការជម្នះរាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាស៊ាន និងអាចបង្ការកុំឱ្យមានសង្គ្រាមដោយតួអង្គតំណាងរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់អាស៊ានបាន។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ការពង្រឹងសមត្ថភាពរបស់អាស៊ាន ក៏ពឹងផ្អែកលើការសម្របសម្រួល និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងបណ្ដាមេដឹកនាំសមាជិកអាស៊ានដែរ។ អាស៊ានមិនអាចក្លាយជាប៉ូលមួយនៃពិភពលោកបានទេ បើសិនមេដឹកនាំអាស៊ានមិនមានភាពជិតស្និទ្ធ និងយល់ពីគ្នាទៅវិញទៅមក មិនមានស្មារតីជាសហគមន៍ជាគ្រួសារអាស៊ាន និងមិនមានទំនាក់ទំនងមិនលើសពីកម្រិតការងារផ្លូវការ..»

បន្ថែមពីនេះ សម្ដេចថ្លែងបន្តថា «ពេលខ្លះយើងមានការងារច្រើនពេក យើងយកចិត្តទុកដាក់បារម្ភទៅលើរបៀបវារៈប្រទេសមហាអំណាចខ្លាំងពេក យើងភ្លេចគិតពីប្រទេសជិតខាង ភ្លេចគិតបារម្ភពីសមាជិកគ្រួសារនៅក្នុងតំបន់អាស៊ានរបស់យើង។ ខ្ញុំពិតជាចង់លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់»

សម្ដេចបានលើកឡើងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសម្ដេចជាមួយមេដឹកនាំក្នុងតំបន់អាស៊ាន ដែលសម្ដេចបានលើកទឹកចិត្តដល់យុវជនជាមេដឹកនាំជំនាន់ថ្មី ចាប់ផ្ដើមផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នាចាប់ពីពេលនេះតទៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិក្នុងតំបន់អាស៊ានកាន់តែប្រសើរឡើងទ្វេដង៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ