ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃទី០៥ ខែឧសភាថា មហាសេដ្ឋីឥណ្ឌា Gautam Adani បានបញ្ជូនអ្នកតំណាងរបស់លោក ទៅជួបជាមួយក្រុមការងារប្រធានាធិបតី Donald Trump នៅអាមេរិក ដើម្បីស្វែងរកដំណោះស្រាយចំពោះរឿងក្ដីសូកប៉ាន់ ដែលតុលាការបានចោទប្រកាន់លើម្ចាស់ក្រុមហ៊ុន Adani Group។


ប្រភពដដែលបានអះអាងថា ជំនួយការរបស់មហាសេដ្ឋីឥណ្ឌា បានជួបជាមួយមន្ត្រីរបស់លោក Trump ហើយបានសុំឲ្យពួកគេជួយចេញមុខដោះស្រាយបញ្ហាមួយនេះ ដោយលុបចោលនូវការចោទប្រកាន់មកលើលោក Adani។
សេតវិមាន រួមទាំងក្រសួងយុត្តិធម៌ បានបដិសេធមិនបញ្ចេញមតិលើព័ត៌មានរបស់ Bloomberg ហើយថែមទាំងមិនឆ្លើយតបជាមួយ Reuters ជុំវិញបញ្ហាមួយនេះថែមទៀត។
គួររំលឹកបន្តិចថា កាលពីខែវិច្ឆិកា អាជ្ញាធរអាមេរិកបានចោទប្រកាន់មហាសេដ្ឋី Adani និងក្មួយប្រុសថា បានឃុបឃិតគ្នាសូកប៉ាន់មន្ត្រីឥណ្ឌា ដើម្បីទទួលបានកិច្ចព្រមព្រៀងគម្រោងផ្គត់ផ្គង់ថាមពល ហើយយកគម្រោងមួយនេះមកបោកប្រាស់វិនិយោគិនអាមេរិក ក្នុងទំហំទឹកប្រាក់ ៧៥០លានដុល្លារ។
ការចោទប្រកាន់មួយនោះ បានធ្វើឲ្យមហាសេដ្ឋីឥណ្ឌារងការខាតបង់ជាខ្លាំង រយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយក្រុមហ៊ុន Adani Group បានបាត់បង់មូលធនទីផ្សារ រហូតដល់ ១៣ពាន់លានដុល្លារ ចាប់តាំងពីផ្ទុះរឿងក្ដីមួយនេះ៕
អត្ថបទ៖ Luffy រូបភាព៖ Bloomberg