ក្រុមហ៊ុន ADATA ជំនាញផ្នែកគ្រឿងអេឡិចត្រូនិក រ៉ូបូត​ កុំព្យូទ័រ និងយានយន្ត​ ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា 

ក្រុមហ៊ុន ADATA Technology Co., Ltd.ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយមានអាយុកាលជាង ៥៣ឆ្នាំក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៥ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និងហុងកុង ព្រមទាំងមានការិយាល័យតំណាងជាង ៤០ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅបណ្តាប្រទេសនានាជុំវិញពិភពលោក បានបង្ហាញការចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា។

ការបង្ហាញចំណាប់អារម្មណ៍វិនិយោគបស់ក្រុមហ៊ុន ADATA  ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសានេះ ក្នុងពេលដែលសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ 

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុន ADATA Technology Co., Ltd. មានជំនាញផ្នែកគ្រឿងអេឡិចត្រូនិក, រ៉ូបូត​,​ កុំព្យូទ័រ​ បច្ចេកវិទ្យាជីវមាត្រ (Biometrics) និងយានយន្ត បានមកទស្សនកិច្ចលើកទី៤ មកកាន់ប្រទេសកម្ពុជា ហើយមកលើកនេះក្រុមហ៊ុនមានចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរបស់កម្ពុជា ដើម្បីបណ្តុះបណ្តាល និងកសាងធនធានមនុស្ស​ ផ្នែកបច្ចេកវិទ្យាទំនើប ផងដែរ។ 

សម្តេច ហ៊ុន ម៉ាណែត បាន​សង្កត់ធ្ងន់ថា​​ ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដោយសម្តេចបានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការចាំបាច់នានារបស់​រាជរដ្ឋាភិបាល​ ក្នុងការគាំទ្រដល់បរិស្ថានវិនិយោគនៅកម្ពុជា។ ទន្ទឹមនេះ សម្តេចបានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យបច្ចេកវិទ្យាទំនើប នៅកម្ពុជា។  

សម្តេចនាយករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ផេកសម្តេចធិបតី