ក្រសួងហិរញ្ញវត្ថុថៃមានបំណងចាក់លុយបន្ថែម ៥០០ពាន់លានបាត ឬប្រហែល ១៥ពាន់លានដុល្លារ នៅក្នុងចរន្តសេដ្ឋកិច្ចដើម្បីជំរុញកំណើន GDP ក្នុងស្រុកច្រើនជាង ១,៨% នៅក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន VNA។


ផែនការមួយនេះត្រូវបានប្រកាស បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាត់បន្ថយការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចថៃក្នុងឆ្នាំ២០២៥ ពី ២,៩% មកនៅត្រឹម ១,៨% ដោយសារផលប៉ះពាល់ពីវិធានការទារពន្ធគយសងសឹករបស់អាមេរិក។
គម្រោងការណ៍ចាក់លុយបន្ថែម ១៥ពាន់លានដុល្លារក្នុងចរន្តសេដ្ឋកិច្ចរបស់ថៃ នឹងផ្ដោតសំខាន់លើការជំរុញការប្រើប្រាស់ ការវិនិយោគ និងផ្ដល់ប្រាក់កម្ចីទន់។
គួរជម្រាបដែរថា ថៃគឺជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន ដែល IMF កាត់បន្ថយការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥ ក្រោម ២% ខណៈនៅឆ្នាំបន្ទាប់ IMF ព្រមានទៀតថា កំណើនសេដ្ឋកិច្ចថៃនឹងបន្តធ្លាក់ចុះដល់ ១,៦%៕
អត្ថបទ៖ Luffy រូបភាព៖ Reuters