ក្នុងរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋលើសពី ៩០% យល់ថា ការផ្សាយពាណិជ្ជកម្មជំរុញឱ្យមានការសេពគ្រឿងស្រវឹង បង្កើនចំនួនអ្នកសេពគ្រឿងស្រវឹង ឱ្យចង់សាកសេពគ្រឿងស្រវឹង និងធ្វើឱ្យមានអ្នកចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងក្នុងវ័យកាន់តែក្មេង។
សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង» នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាកត្តាចម្បងដែលជំរុញឱ្យមានការកើនឡើងនៃការប្រើប្រាស់បែបនេះ តាមរយៈការផ្ដល់រង្វាន់ច្រើនលើសលប់ទៅដល់អតិថិជនដូចជា រង្វាន់ឡាន ម៉ូតូ លុយសុទ្ធ មាសសុទ្ធ និងរង្វាន់ជាច្រើនទៀត។


លើសពីនេះ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបានផ្សារភ្ជាប់ជាមួយតារាល្បីៗដែលមានអ្នកគ្រាំទ្ររាប់ពាន់នាក់ មកផ្សាយគ្រឿងស្រវឹង ដែលយុទ្ធសាស្រ្តទាំងនេះ សុទ្ធតែជំរុញអ្នកគាំទ្ររបស់ពួកគេ ដែលភាគច្រើនជាកុមារ និងក្មេងវ័យជំទង ឱ្យនាំគ្នាធ្វើត្រាប់តាមភ្លក់ទឹកភ្លក់ដី និងចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងនៅវ័យក្មេង។
ការស្រាវជ្រាវបានបញ្ជាក់ថា ប្រជាជនទូទៅ សុទ្ធតែធ្លាប់ទទួលរងនូវបញ្ហាសុខភាព ខាតបង់ថវិកា គ្រោះថ្នាក់ចរាចរណ៍ បាត់បង់ការងារ ឬធ្វើការងារមិនពេញលេញ បោះបង់ការសិក្សាឬការសិក្សាចុះខ្សោយ មានទំនាស់ក្នុងគ្រួសារ ការរំខានស្រែកឡូឡាពីអ្នកសេពគ្រឿងស្រវឹង មានអារម្មណ៍ភ័យខ្លាចឬគ្មានសុវត្ថិភាព អំពើហិង្សាលើរាងកាយនិងការសម្លុតគម្រាម ជាដើម។
យោងតាមការសិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជា ស្ដីពីទស្សនៈសាធារណជនទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានបង្ហាញថា ប្រជាជនកម្ពុជា ទាំងអ្នកសេព និងអ្នកមិនសេពគ្រឿងស្រវឹង ទទួលស្គាល់នូវឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មកលើការសម្រេចចិត្តរបស់ពួកគាត់។ កន្លងមក បើទោះបីរាជរដ្ឋាភិបាលបានបានដាក់ចេញនូវវិធានការ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក៏ដោយ គេសង្កេតឃើញថា វិធានការមួយចំនួនដូចជាមិនទាន់ចាក់ចំគន្លឹះ ដែលអាចការពារ ឬកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ ជាក់ស្តែង ភាគរយនៃអ្នកសេពគ្រឿងស្រវឹងជោគជាំ បានកើនពី១២%នៅឆ្នាំ២០១៦ ដល់៥២%នៅឆ្នាំ២០២៣ ក្នុងចំណោមបុរស និងកើនឡើង៣ដងក្នុងចំណោមស្រ្តី។ នេះបើយោងតាមរបាយការណ៍ការអង្កេតកត្តាហានិភ័យជំងឺមិនឆ្លង ២០២៣៕