នៅព្រឹកថ្ងៃពុធ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានអញ្ជើញពិនិត្យសង្វាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។
 Million Times
  Million Times 
ក្នុងការចុះទៅត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មរោងចក្រម៉ូតូនៃក្រុមហ៊ុន អិន ស៊ី អិច របស់នាយករដ្ឋមន្ត្រីកម្ពុជា ក៏មានថ្នាក់ដឹកនាំនៅតាមបណ្ដាក្រសួងសំខាន់ៗជាច្រើនរូប អមដំណើរផងដែរ និងទស្សនាផ្ទាល់ពីការដំឡើងម៉ូតូ។
គួរឲ្យដឹងថា អិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែកចាយម៉ូតូ ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនមួយក្នុង ចំណោមក្រុមហ៊ុនដ៏ធំ ហើយមានឥទ្ធិពលបំផុតនៅកម្ពុជាយូរឆ្នាំមកហើយ។
បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន អិន ស៊ី អិច បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនដំឡើងម៉ូតូ ៥ប្រភេទ រួមមាន Click, Scoopy, Dream, Wave និង Beat។ បុគ្គលិកនៃក្រុមហ៊ុននោះបានឲ្យដឹងបន្ថែមទៀតថា មុនពេលជំងឺកូវីដ-១៩ រាតត្បាត ក្រុមហ៊ុនដំឡើងម៉ូតូចែកចាយលើទីផ្សារប្រមាណ ៤០ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

ចំណែកកាលពីឆ្នាំ ២០២៤ ក្រុមហ៊ុនដំឡើងបាន និងចែកចាយប្រមាណ ២៥ ម៉ឺនគ្រឿង។ ចំនួននេះ មានការកើនឡើងប្រមាណ ១៧ ទៅ ២០ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។
ជាមួយនឹងដំណើរការដំឡើង និងផលិតគ្រឿងបន្លាស់នេះ ក្រុមហ៊ុនបានផ្ដល់ការងារដល់បុគ្គលិក និងកម្មករសរុបប្រមាណ ១ ២០០ នាក់ ដែលសុទ្ធសឹងជាពលរដ្ឋខ្មែរ មានបរទេសតែ ៧ នាក់ប៉ុណ្ណោះ។ បុគ្គលិក និងកម្មករ ទទួលបានប្រាក់ឈ្នួលទាបបំផុតជិត ៣០០ដុល្លារអាមេរិក៕








អត្ថបទ៖ មេរ៉ា៖ រូបភាព៖ Fresh News




