ព្រះមហាក្សត្រថៃសោយសុខលើគំនរមាសប្រាក់ និងជាស្ដេចមានទ្រព្យច្រើនបំផុតលើលោក

ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលត្រូវបានគេប្រសិទ្ធនាមទ្រង់ថា ជាស្ដេចមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក ប្រហែល ៤៣ពាន់លានដុល្លារ កំពុងរស់នៅយ៉ាងសោយសុខលើគំនរមាសប្រាក់ ចាយមួយជីវិតសឹងមិនអស់។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីគេហទំព័រ VNExpress បានឲ្យដឹងថា ប្រភពចំណូលដ៏ធំបំផុតរបស់ស្ដេចថៃអង្គនេះ បានមកពីវិស័យអចលនទ្រព្យ ដែលទ្រង់មានច្រើនជាង ៦ ៥៦០ហិកតា និងកុងត្រាជួលច្រើនជាង ៤០ ០០០កន្លែង ជាមួយក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យទូទាំងប្រទេសថៃ។

គ្រាន់តែតម្លៃអចលនទ្រព្យដែលទ្រង់មានក្នុងទីក្រុងបាងកក គឺមានច្រើនជាង ៣០ពាន់លានដុល្លារ ស្របពេលស្ដេចថៃអង្គនេះក៏មានប្រភពចំណូលពីវិស័យហិរញ្ញវត្ថុនានាផងដែរ។

កាសែត Fortune បានរាយការណ៍ថា ទ្រង់បានកាន់កាប់ភាគហ៊ុន ២៣% ក្នុងធនាគារឈានមុខគេក្នុងស្រុកថៃ Siam Commercial Bank និងមានភាគហ៊ុន ៣៣% ក្នុងក្រុមហ៊ុនឧស្សាហកម្មធំបំផុតក្នុងប្រទេស Siam Cement Group ថែមទៀ។ សរុបតម្លៃភាគហ៊ុនដែលទ្រង់មានក្នុងក្រុមហ៊ុនទាំង២ ខាងលើ មានតម្លៃប្រហែល ៩ពាន់លានដុល្លារ។

ក្រៅពីជាប់ព្រះនាមជាស្ដេចមានលុយច្រើនហូរហៀរ ព្រះអង្គក៏ត្រូវបានគេរាយការណ៍មកថា មានយន្តហោះផ្ទាល់ខ្លួន ៣៨គ្រឿង រថយន្តទំនើបៗ ៣០០គ្រឿង និងមាននាវាផ្ទាល់ខ្លួនមិនក្រោម ៥០គ្រឿងឡើយ គួបផ្សំជាមួយនឹងគ្រឿងអលង្ការ មាសពេជ្រកែវកង សរុបមានតម្លៃច្រើនមហាសាលកាត់ថ្លៃពុំបានថែមទៀត។

ស្ដេចថៃ Maha Vajiralongkorn ត្រូវបានតែងតាំងជាព្រះមហាក្សត្រក្នុងឆ្នាំ២០១៦ បន្ទាប់ពីព្រះបិតាទ្រង់ Bhumibol Adulyadej ចូលទិវង្គត ក៏ប៉ុន្តែការឡើងគ្រងរាជ្យជាផ្លូវការ ត្រូវបានអូសបន្លាយរហូតដល់ខែឧសភា ឆ្នាំ២០១៩ ដោយសារត្រូវកាន់ទុក្ខព្រះបិតា។ ពិធីឡើងគ្រងរាជ្យរបស់ទ្រង់ ត្រូវបានធ្វើឡើងរយៈពេល ៣ថ្ងៃ និងចំណាយប្រាក់អស់ ៣១លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ Reuters / The Luxe Aesthetic