នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ជាថ្ងៃឆ្លងឆ្នាំសកល ២០២៥ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋបានដើរកម្សាន្តនៅខេត្តសៀមរាប មានចំនួនប្រមាណ ៣៣៣ ៦៦០នាក់ មានការកើនឡើងប្រមាណ ៩.៧៣% បើប្រៀបធៀបនឹងឆ្នាំ២០២៣។
បើតាមរបាយការណ៍រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា៖
- ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣២៣,៤០០ នាក់ មានការកើនឡើងប្រមាណ៩.៦៣% បើប្រៀបធៀបឆ្នាំ២០២៣
- ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១០,២៦០ នាក់ មានការកើនឡើង ១៣.២០% បើប្រៀបធៀបឆ្នាំ២០២៣។


តាមរយៈចំនួនភ្ញៀវទេសចរកើនឡើងឆ្នាំនេះ រដ្ឋបាលខេត្តសៀមរាប កត់សម្គាល់ឃើញថា ក្រោមដាក់ចេញនូវកម្មវិធីពិសេស ទស្សនាសៀមរាប ឆ្នាំ២០២៤ បានធ្វើឱ្យកំណើន នៃភ្ញៀវទេសចរជាតិ អន្តរជាតិមានការកើនឡើង។
ទន្ទឹមជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានពង្រីកវិសាលភាព នៃទីកន្លែងកម្សាន្ត ជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋអាចដេីរកម្សាន្តសប្បាយនៅពេលរាត្រី ដូចជារៀបចំកន្លែងទស្សនាកម្សាន្តនៅដងស្ទឹងប្រវត្តិសាស្ត្រ សៀមរាប ដោយរៀបចំនូវទស្សនីភាព (ទឹករាំតាមចង្វាក់ភ្លេង) មានភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ មកទស្សនាកម្សាន្តយ៉ាងច្រើនផងដែរ៕





អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប