នៅថ្ងៃទី២៩ ខែធ្នូនេះ រាជរដ្ឋាភិបាលបានរៀបចំប្រារព្ធទិវាសន្តិភាពនៅកម្ពុជា លើកទី២៦ ជាការរំលឹកដឹងគុណនៃសុខសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេច ហ៊ុន សែន។
ក្នុងថ្ងៃអបអសាទរទិវាសន្តិភាពនៅកម្ពុជាឆ្នាំនេះ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី រំលឹកសារចំនួន ៣ ដែលសម្តេចអញ្ជើញមេដឹកនាំខ្មែរក្រហមមកទទួលអាហារនៅផ្ទះសម្តេចផ្ទាល់ដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង។


តាមរយៈសំណេរនៅលើបណ្តាញសង្គមផ្លូវការ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកសារថា កាលពី២៦ឆ្នាំមុនថ្ងៃនេះ គឺថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមាន ខៀវ សំផន នួន ជា អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះសម្តេច ដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។
សម្តេចសរសេរបញ្ជាក់ថា៖ «សម្តេចសម្រេចទទួល ខៀវ សំផន នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់សម្តេចនៅតាខ្មៅដោយចង់ផ្ញើសារ ៣ ចេញទៅកាន់៖
១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំរបស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។
២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថាសង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។
៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិសូមមកវិនិយោគនិងមកទេសចរនៅកម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ។ នេះជាសារចុងក្រោយនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ។ (ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតជោ