សារព័ត៌មានអង់គ្លេស៖ រដ្ឋមន្ត្រីការពារជាតិចិន កំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ

រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun កំពុងស្ថិតក្រោមការស៊ើបអង្កេត ដែលជាផ្នែកមួយនៃការបង្ក្រាបអំពើពុករលួយទ្រង់ទ្រាយធំទូទាំងប្រទេស និងធ្លាប់បានដកមន្ត្រីជាន់ខ្ពស់ជាច្រើនរូប នៅក្នុងជួរកងទ័ព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអង់គ្លេស Financial Times។

តាមដានជាមួយយើង៖ Million Times

លោក Dong គឺជារដ្ឋមន្ត្រីការពារជាតិទី៣ ដែលត្រូវរងការចោទប្រកាន់ ទាក់ទងនឹងករណីពុករលួយ។

យោធាចិនកំពុងស្ថិតក្រោមវិធានការបោសសម្អាតអំពើពុករលួយយ៉ាងទូលំទូលាយ តាំងពីឆ្នាំមុន ដោយមានយ៉ាងហោចណាស់ឧត្ដមសេនីយ៍ចំនួន ៩នាក់ និងថ្នាក់ដឹកនាំក្រុមហ៊ុនឧស្សាហកម្មការពារជាតិមួយចំនួន ត្រូវបានដកចេញពីតួនាទី ក្រោយឆ្លងកាត់ការស៊ើបអង្កេតយ៉ាងហ្មត់ចត់របស់រដ្ឋាភិបាល។

គួររំលឹកបន្តិចថា លោក Dong ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ កាលពីខែធ្នូ ឆ្នាំ២០២៣ បន្តពីលោក Li Shangfu ដែលត្រូវបានដកហូតតំណែងពីរដ្ឋមន្ត្រីការពារជាតិ ក្រោយកាន់តួនាទីនេះបានត្រឹមរយៈពេល ៧ខែ និងជាប់ពាក់ព័ន្ធករណីពុករលួយ។

តែលោក Dong មិនបានទទួលមុខងារនៅក្នុងក្រុមប្រឹក្សារដ្ឋ ដូចរដ្ឋមន្ត្រីជាន់ខ្ពស់ដទៃឡើយ អំឡុងពេលមានការរុះរើគណៈរដ្ឋមន្ត្រីកាលពីខែមីនាកន្លងទៅ៕

អត្ថបទ៖ Luffy រូបភាព៖ CNN