ក្រុមហ៊ុន SpaceX បានធ្វើការបាញ់បង្ហោះរ៉ុកកែត Starship ទៅកាន់លំហអាកាស នៅក្នុងរដ្ឋតិចសាស់ ជិតព្រំប្រទល់នឹងប្រទេសម៉ិកស៊ិក ក្រោមវត្តមានចូលរួមពីឥស្សរជនសំខាន់ៗដូចជា ស្ថាបនិកក្រុមហ៊ុនមហាសេដ្ឋី Elon Musk និងអនាគតប្រធានាធិបតីអាមេរិក Donald Trump ជាដើម។


ទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយថា លោក Trump បានជិះយន្តហោះ ដើម្បីចូលរួមកម្មវិធីមួយនេះរបស់ Elon Musk ដើម្បីបង្ហាញពីការគាំទ្រ និងពង្រឹងចំណងមិត្តភាពជាមួយកំពូលអ្នកមានបំផុតលើពិភពលោក។
ការបាញ់បង្ហោះរ៉ុកកែតនោះ មិនបានដំណើរការល្អទាំងស្រុងឡើយ ពោលយានជំនួយដែលកំណត់ឲ្យចុះចតនៅកន្លែងដើម មិនបានចុះចតដូចការគ្រោងទុក និងបានធ្លាក់ទៅក្នុងដែនទឹកនៃប្រទេសម៉ិកស៊ិកវិញ។
គួររំលឹកបន្តិចថា មហាសេដ្ឋី Elon Musk គឺជាចំណែកដ៏ធំមួយ ដែលជួយឲ្យលោក Trump ទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ដោយបានបរិច្ចាគទឹកប្រាក់ប្រហែល ២០០លានដុល្លារ ទៅកាន់យុទ្ធនាការរបស់លោក Trump។
ក្រោយលោក Trump មានឱកាសវិលមកអង្គុយនៅកៅអីប្រធានាធិបតីជាថ្មី Elon Musk ទំនងទទួលផលប្រយោជន៍ច្រើន ដោយក្រុមហ៊ុន SpaceX របស់លោក កំពុងមានកុងត្រាតម្លៃរាប់ពាន់លានដុល្លារ ជាមួយរដ្ឋាភិបាលអាមេរិកស្រាប់ ស្របពេលអាចទទួលបាននូវការលើកទឹកចិត្តបន្ថែម សម្រាប់ការផលិតរថយន្តអគ្គិសនី Tesla ពីរដ្ឋាភិបាលមួយកម្រិតថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ ABC