កម្ពុជាបានបោះជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ តាមរយៈការដាក់ឱ្យដំណើរការយន្តការផ្តល់មូលនិធិស្រាវជ្រាវជាតិ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាបច្ចេកទេសស្តីពីយន្តការផ្តល់មូលនិធិថ្នាក់ជាតិ និងតំបន់សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិស្រាវជ្រាវជាតិ បានលើកឡើងថា៖ “ការបង្កើតមូលនិធិស្រាវជ្រាវជាតិជាបរធនបាលកិច្ច គឺជាការបោះជំហានជា ប្រវត្តិសាស្រ្តដ៏សំខាន់ ក្នុងការពង្រឹងមូលដ្ឋានគ្រឹះប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា។”
ឯកឧត្តមបានថ្លែងបន្តថា “វឌ្ឍនភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រការស្រាវជ្រាវនិងអភិវឌ្ឍន៍ ប្រកបដោយតម្លាភាព និរន្តរភាព និងប្រសិទ្ធភាព។”

សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍អមនៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ ដោយ ប្រមូលផ្តុំអ្នកជំនាញក្នុងតំបន់ ដើម្បីចែករំលែកបទពិសោធន៍អំពីយន្តការផ្តល់មូលនិធិស្រាវជ្រាវ និងការគ្រប់គ្រងប្រព័ន្ធស្រាវជ្រាវជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានកំពុងផ្តោតសំខាន់លើការវិនិយោគក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដើម្បីបង្កើតចំណេះដឹងថ្មី និងបង្កើនតម្លៃបន្ថែមដល់ផលិតផល និងសេវាកម្មរបស់ខ្លួន។
ឯកឧត្តមក៏បានរំលេចបញ្ហាប្រឈមសំខាន់ៗ រួមមានកង្វះការវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងភាពចាំបាច់នៃការបន្ស៊ីសកម្មភាពស្រាវជ្រាវទៅនឹងអាទិភាពជាតិ។ ទន្ទឹមនឹងនោះ សមត្ថភាពស្រាវជ្រាវ ទាំងនៅក្នុងវិស័យសាធារណៈ និងឯកជន ហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ និងការផ្សារភ្ជាប់រវាងស្ថាប័នស្រាវជ្រាវជាមួយនឹងសហគ្រាស នៅមិនទាន់រឹងមាំ។
លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានលើកឡើងថាCDRI បានទទួលមូលនិធិរយៈពេល៣ឆ្នាំ ពីរដ្ឋាភិបាលកាណាដា ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់មូលនិធិស្រាវជ្រាវជាតិ សំដៅពង្រឹងសមត្ថភាពអ្នកស្រាវជ្រាវ និងស្ថាប័នស្រាវជ្រាវ, បង្កើនសមត្ថភាពទទួលហិរញ្ញប្បទាន និងប្រើប្រាស់មូលនិធិស្រាវជ្រាវ ព្រមទាំងជំរុញការរៀបចំគោលនយោបាយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រនៅកម្ពុជា។
មូលនិធិស្រាវជ្រាវជាតិថ្មីនេះ នឹងផ្តល់ការគាំទ្រដល់ស្ថាប័នស្រាវជ្រាវទាំងសាធារណៈ និងឯកជន ជំរុញការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដឹកនាំកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍៕

អត្ថបទ៖ ប៊ី, ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍


