ជាកិត្តិយស និងការចូលរួមគាំទ្រផលិតផលខ្មែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានទៅទស្សនកិច្ចផ្ទាល់ នៅស្តង់ក្រុមហ៊ុន KH Haitech របស់អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តែងតែមានវត្តមានចូលរួមកម្មវិធីជាប់ជានិច្ច ទាក់ទងទៅនឹងផលិតផលកូនខ្មែរ ក្នុងន័យជួយគាំទ្រផលិតផលជាតិ ជំរុញកម្លាំងសេដ្ឋកិច្ចជាតិ និងជួយឱ្យកូនខ្មែរគ្រប់រូបអាចមានផលិតផលដោយផ្ទាល់ខ្លួនបាន។
ជាក់ស្ដែងនៅថ្ងៃ២៨ ខែមករា ឆ្នាំ ២០២៦ ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ លោកជំទាវ ចម និម្មល បានទៅទស្សនកិច្ចផ្ទាល់តែម្ដង នៅស្តង់យីហោកូនខ្មែរ K Haitech របស់ក្រុមហ៊ុន KH Haiteach របស់អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ដែលបានតាំងបង្ហាញសម្ភារអេឡិចត្រូនិកទំនើបៗជាច្រើនប្រភេទ។

ក្រុមហ៊ុន KH Haitech ដែលមានគ្រឿងអេឡិចត្រូនិក សម្រាប់ប្រើប្រាស់សំខាន់ៗមានដូចជា ទូរស័ព្ទដៃ ថេប្លែត, លេបថប់ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់, ទូរទឹកកក និងរបស់របរជាច្រើនទៀតដែលសុទ្ធផលិតឡើងតាមស្តង់ដារអន្តរជាតិ មានតម្លៃសមរម្យ ដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ លើសពីនេះទៅទៀត KH Haitech នាំយកជំនាញ បច្ចេកវិទ្យា និងបច្ចេកទេស មកបណ្ដុះបណ្ដាលកូនខ្មែរ ដើម្បីទទួលបានជំនាញមួយនេះ និងបង្កើតការងារជាច្រើនក្នុងស្រុកផងដែរ។
លោកជំទាវ ចម និម្មល ក្រោយពីបានមើលផលិតផលរបស់ក្រុមហ៊ុន KH Haitech បានបង្ហាញស្នាមញញឹម ជាការគាំទ្រខ្លាំងចំពោះយីហោកូនខ្មែរមួយនេះ។ ក្នុងនាមជាប្រធានក្រុមហ៊ុនផង អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ក៏ថ្លែងពីអារម្មណ៍យ៉ាងមោទនភាពថា “ខ្ញុំបាទ សំ សុខនឿន ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន KH Haitech ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ និងមានស្លាកយីហោកូនខ្មែរ K Haitech សូមគោរពថ្លែងអំណរគុណជូនចំពោះ លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានផ្ដល់កិត្តិយសមកទស្សនៈកិច្ចស្តង់បង្ហាញផលិតផល K Haitech និងសូមអរគុណចំពោះជំទាវរដ្ឋមន្ត្រី ដែលតែងតែគាំទ្រ និងលើកទឹកចិត្តសហគ្រិនខ្មែរ ក្នុងការបង្កើតផលិតផលខ្មែរ។ លោកជំទាវរដ្ឋមន្ត្រី តែងតែខិតខំប្រឹងប្រែងទាំងពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីគាំទ្រផលិតផលខ្មែរដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងជំរុញការនាំចេញទៅបរទេស“។


គណៈប្រតិភូដែលបានឃើញពីផលិតផលយ៉ាងច្រើនរបស់ក្រុមហ៊ុន KH Haitech បានបង្ហាញពីភាពភ្ញាក់ផ្អើលដែលអ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន អាចសម្រេចបង្កើតចេញសម្ភារទំនើបៗនោះបាន សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ កាន់តែប្រសើរឡើង៕




អត្ថបទ៖ឆដា, រូបភាព៖ ផ្ដល់ឲ្យ


