Elon Musk មិនគាំទ្រការច្របាច់បញ្ចូលគ្នារវាង Tesla និង xAI ប៉ុន្តែគាំទ្រការវិនិយោគ

មហាសេដ្ឋីកំពូលលុយ Elon Musk កាលពីថ្ងៃច័ន្ទបាននិយាយថា លោកមិនគាំទ្រការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន xAI និង Tesla ទេ ស្របពេលលេចលឺដំណឹងច្របាច់បញ្ចូលគ្នានាពេលអនាគតរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត AI ។

គណនី X @BullStreetBets បានបង្ហោះសំណួរបើកចំហទៅកាន់វិនិយោគិន Tesla នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដែលសួរថា តើពួកគេគាំទ្រការរួមបញ្ចូលគ្នារវាង Tesla និង xAI ដែរឬទេ។ Musk បានឆ្លើយតបថា “ទេ” ។

លោក Musk បានឲ្យដឹងថា Tesla នឹងរៀបចំការបោះឆ្នោតជ្រើសរើសម្ចាស់ភាគហ៊ុននៅពេលខាងមុខ ប៉ុន្តែមិនបានបញ្ជាក់ថា តើក្រុមហ៊ុនផលិតរថយន្តគួរតែវិនិយោគលើ xAI ដែលជាក្រុមហ៊ុនង្កើតកម្មវិធីជជែកកំសាន្ត Grok AI ដែលឬទេ? កាលពីឆ្នាំមុន Musk ធ្លាប់បានធ្វើការស្ទង់មតិលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាតើ Tesla គួរតែវិនិយោគ ៥ពាន់លានដុល្លារទៅក្នុង xAI ដែរឬទេ? ភាគច្រើនឆ្លើយ “Yes” នៅពេលនោះ។

ចាប់តាំងពីការចាកចេញពីតំណែងនៅក្នុងរដ្ឋបាលប្រធានាធិបតី Donald Trump លោក Musk បានសម្លឹងមើលការនាំយកអាជីវកម្មជាច្រើនផ្តោតលើ xAI វិញ៕