នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman បាននិយាយថា ក្រុមហ៊ុន Meta Platforms បានដាក់សំណើទៅកាន់បុគ្គលិករបស់ខ្លួន ដោយហ៊ានផ្ដល់ប្រាក់លើកទឹកចិត្តក្នុងម្នាក់ ១០០លានដុល្លារ ដើម្បីអូសទាញពួកគេឲ្យទៅធ្វើការក្នុងក្រុមហ៊ុន Meta។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


មហាសេដ្ឋីអាមេរិករូបនេះបញ្ជាក់ថា ការអូសទាញរបស់ក្រុមហ៊ុន Meta កើតឡើងចំពេលគូប្រជែងជាច្រើន កំពុងផលិតបច្ចេកវិទ្យា AI ដែលធ្វើឲ្យក្រុមហ៊ុនរបស់មហាសេដ្ឋី Mark Zuckerberg ចាំបាច់ត្រូវរើសបុគ្គលិកជំនាញ ក្នុងការផលិតបច្ចេកវិទ្យា AI។
ការលើកឡើងរបស់មេធំ OpenAI កើតឡើងក្រោយពេលក្រុមហ៊ុន Meta ប្រកាសចាយលុយជាង១៤ពាន់លានដុល្លារ ដើម្បីវិនិយោគក្នុងក្រុមហ៊ុនបង្កើតថ្មី Scale AI និងថែមទាំងជួលស្ថាបនិកវ័យក្មេង Alexander Wang ឲ្យមកធ្វើការជាមួយពួកគេថែមទៀត។
គួរជម្រាបដែរថា បច្ចុប្បន្នក្រុមហ៊ុន Meta Platforms កំពុងដុតដៃដុតជើងផលិតបច្ចេកវិទ្យា AI ជំនាន់ថ្មី ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនកំពូលៗជាច្រើនទៀតដូចជា OpenAI និង DeepSeek របស់ចិន៕
អត្ថបទ៖ Luffy រូបភាព៖ The Strait Times