ចិនត្រៀមដាក់លក់មនុស្សយន្តតម្លៃ ២ម៉ឺនដុល្លារ ប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla

ក្រុមហ៊ុនចិន UBTech បានប្រកាសពីផែនការបញ្ចេញលក់មនុស្សយន្ត ដែលផលិតឡើងដើម្បីប្រកួតប្រជែងជាមួយមនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla ក្នុងតម្លៃ ២០ ០០០ដុល្លារនៅឆ្នាំនេះ។

តាមដានជាមួយយើង៖ Million Times
មនុស្សយន្ត UBTech

សារព័ត៌មាន VNExpress ចុះផ្សាយថា ក្រុមហ៊ុនចិនមានមូលដ្ឋាននៅទីក្រុង Shenzhen បានអះអាងថា មនុស្សយន្តរបស់ខ្លួនមានសមត្ថភាពអាចធ្វើការផ្ទះទូទៅ និងអាចប្រើប្រាស់ជាអ្នកថែទាំមនុស្សចាស់ក្នុងផ្ទះ ដូចជាមនុស្សពិតៗ ដ្បិតវាបានបំពាក់នូវបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុត។

ក្រុមហ៊ុននេះបានកំណត់គោលដៅលក់មនុស្សយន្តរបស់ខ្លួន រហូតដល់ ១ ០០០គ្រឿងក្នុងឆ្នាំ២០២៥ ហើយត្រៀមបង្កើនសង្វាក់ផលិតកម្មច្រើនជាងមុន ១០ដង នៅក្នុងឆ្នាំ២០២៦។

គួរជម្រាបដែរថា ក្រុមហ៊ុន UBTech គឺមានភាពល្បីល្បាញក្នុងឧស្សាហកម្មផលិតមនុស្សយន្តនៅចិន ដោយក្រុមហ៊ុន BYD និង Foxconn ធ្លាប់បានចំណាយប្រាក់រហូតដល់ ១០០ ០០០ដុល្លារ សម្រាប់មនុស្សយន្តមួយគ្រឿង ដើម្បីយកមកប្រើប្រាស់ក្នុងការផលិតរថយន្ត និងគ្រឿងអេឡិចត្រូនិករបស់ពួកគេ។

មនុស្សយន្ត Optimus

ចំណែកឯមនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla វិញ ធ្លាប់ត្រូវបានមហាសេដ្ឋី Elon Musk បង្ហើបថា បង្កើតឡើងក្នុងគោលបំណងជួយការងារទូទៅក្នុងផ្ទះ សម្រាប់អតិថិជន ហើយវាមានតម្លៃចន្លោះពី ២០ ០០០ ទៅ ៣០ ០០០ដុល្លារក្នុងមួយគ្រឿង ខណៈសង្វាក់ផលិតកម្មនឹងចាប់ផ្ដើមក្នុងឆ្នាំ២០២៦៕

អត្ថបទ៖ Luffy រូបភាព៖ Reuters