នៅព្រឹកថ្ងៃទី២៩ ខែឧសភា សារព័ត៌មាន Bloomberg បានចុះផ្សាយថា ក្រុមហ៊ុនរថយន្ត Tesla របស់កំពូលមហាសេដ្ឋី Elon Musk បានប្រកាសពីផែនការដាក់ឲ្យប្រើប្រាស់សេវាកម្មតាក់ស៊ីមនុស្សយន្ត ដែលអាចបើកបរដោយស្វ័យប្រវត្តិនៅទីក្រុង Austin រដ្ឋតិចសាស់ នាពេលឆាប់ៗនេះ។


ប្រភពដដែលបានអះអាងថា ក្រុមហ៊ុន Tesla នឹងបញ្ចេញតាក់ស៊ីគ្មានមនុស្សបើកជាលើកដំបូង នៅថ្ងៃទី១២ ខែមិថុនាខាងមុខ ហើយនេះគឺជាជំហានដំបូងក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាកាន់តែទំនើប របស់ក្រុមហ៊ុនមនុស្សកំពូលលុយ Elon Musk។
បើសិនជាតាក់ស៊ីមនុស្សយន្តរបស់ Elon Musk ទទួលបានការគាំទ្រខ្លាំង វានឹងក្លាយជាការផ្លាស់ប្ដូរយ៉ាងសំខាន់របស់ក្រុមហ៊ុន Tesla ពីការផលិតរថយន្តអគ្គិសនី ទៅជាការផលិតមនុស្សយន្តវិញ។
សូមជម្រាបដែរថា មហិច្ឆតារបស់មហាសេដ្ឋី Elon Musk ក្នុងការផលិតមនុស្សយន្ត មិនដែលត្រូវបានលាក់បាំងឡើយ ដោយកន្លងមកលោកបានប្រកាសពីវត្តមានមនុស្សយន្ត Optimus ប៉ុន្តែបច្ចុប្បន្នមិនទាន់បញ្ចេញលក់ផ្លូវការនៅឡើយ ដោយបានបញ្ជាក់ថា កំពុងសិក្សាបន្ថែមអំពីការបំពាក់បច្ចេកវិទ្យា AI ឲ្យកាន់តែទំនើប និងឆ្លាតជាងមុន៕
អត្ថបទ៖ Luffy រូបភាព៖ Forbes