ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបញ្ជាទិញយន្ដហោះប្រភេទថ្មី ATR72-600 ចំនួន ៣គ្រឿង ខណៈ ១គ្រឿងតម្លៃ ២៤លានដុល្លារអាមេរិក ទើបបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។


លោក វ៉ាន់ ចន្ទី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងបទបញ្ញត្តិដឹកជញ្ជូនតាមផ្លូវអាកាស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា យន្ដហោះថ្មីនេះ មានតម្លៃ ២៤លានដុល្លារ ហើយយន្ដហោះនេះ នឹងយកទៅប្រើប្រាស់លើការដឹកជញ្ជូននៅក្នុងស្រុក និងនៅក្នុងតំបន់។
លោកបន្តថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ គ្រោងនឹងនាំយកយន្តហោះ ATR 72-600 ចំនួន៣គ្រឿង នៅឆ្នាំ២០២៥ បន្ទាប់ពីយន្តហោះទីមួយ មកដល់នៅថ្ងៃនេះ យន្តហោះទីពីរ និងទីបី ត្រូវបានរំពឹងទុកនៅក្នុងខែតុលា និងខែវិច្ឆិកា ផងដែរ។ លោកបន្ថែមថា ការបញ្ជាទិញយន្តហោះថ្មីនេះ គឺជាការចាប់ផ្តើមសករាជថ្មី នៃកិច្ចខិតខំប្រឹងប្រែងបន្ត របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការនាំយកយន្តហោះដ៏ទំនើបរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងពង្រឹងការតភ្ជាប់ក្នុងស្រុក និងក្រៅប្រទេស។

សូមជម្រាបជូនថា ដើម្បីទទួលបានយន្ដហោះប្រភេទថ្មី ATR72-600 ចំនួន១គ្រឿងទើបមកដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាននិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំ និងកាត់ខ្សែបូរឲ្យប្រើប្រាស់ក្រោមវត្តមានលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ព្រមទាំងក្រុមហ៊ុន SCA និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប៕



អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ រដ្ឋលេខារដ្ឋានអាកាសចរណ៍ស៊ីវិល