មហាសេដ្ឋី Elon Musk បើកដំណើរការសេវាកម្មអ៊ីនធឺណេតផ្កាយរណប Starlink នៅប្រទេសបង់ក្លាដែស

សេវាកម្មអ៊ីនធឺណេតផ្កាយរណប Starlink នៃក្រុមហ៊ុន SpaceX របស់សហគ្រិនបច្ចេកវិទ្យា Elon Musk បានបើកដំណើរការក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃអង្គារ ខណៈពលរដ្ឋមានជំនឿអាចទុកចិត្តបាន និងគ្មានការរំខានពីការចូលប្រើអ៊ីនធឺណិត។

តាមដានជាមួយយើង៖ Million Times

លោក Muhammad Yunus ដែលបានដឹកនាំរដ្ឋាភិបាលចាប់តាំងពីនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina បានភៀសខ្លួនចេញពីប្រទេសបង់ក្លាដែសបន្ទាប់ពីការតវ៉ាដោយហិង្សាជាច្រើនសប្តាហ៍កាលពីឆ្នាំ២០២៤បាននិយាយថា កិច្ចព្រមព្រៀងនេះបានផ្តល់សេវាកម្មដែលមិនអាចត្រូវបានរំខានដោយចលាចលនយោបាយណាមួយនាពេលអនាគត។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយ។

ក្រុមហ៊ុន SpaceX បានបង្ហោះនៅលើបណ្តាញសង្គម X បានឲ្យដឹងថា ជំនួយការ លោក Muhammad Yunus គឺលោក Faiz Ahmad Taiyeb បាននិយាយថា កញ្ចប់ប្រចាំខែចាប់ផ្តើមពី $៣៥ដុល្លារ សម្រាប់សេវាកម្មដែលឥឡូវនេះមាននៅទូទាំងប្រទេស។ លោកបន្តថា សម្រាប់ដំឡើងឧបករណ៍ចំនួន $៣៨៥ដុល្លារ។

លោកបានបន្ថែមថា នេះបានបង្កើតជម្រើសប្រកបដោយនិរន្តរភាពសម្រាប់អតិថិជន ដើម្បីទទួលបានសេវាកម្មអ៊ីនធឺណិតដែលមានគុណភាពខ្ពស់ និងល្បឿនលឿន។

ជ័យលាភីណូបែលសន្តិភាព លោក Yunus បានចូលកាន់តំណែងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នក្នុងខែសីហា បន្ទាប់ពី លោកស្រី Hasina បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។ អាជ្ញាធរ​បាន​ផ្អាក​សេវា​អ៊ីធឺណិត និង​ផ្ញើ​សារ​ជា​អក្សរ ខណៈ​ការ​តវ៉ា​បាន​រីក​រាល​ដាល​ទូទាំង​ប្រទេស​កាល​ពី​ខែ​កក្កដា​ឆ្នាំមុន។

សេវាកម្មអ៊ីនធឺណេតផ្កាយរណប Starlink បានពង្រីកយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោកដើម្បីប្រតិបត្តិការនៅក្នុងប្រទេសជាង ៧០ ដោយផ្តោតយ៉ាងខ្លាំងទៅលើកំណើនបន្ថែមទៀតនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដូចជាប្រទេសឥណ្ឌា៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters