អ្នកគាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក២០២៨ ដែលនឹងធ្វើឡើងនៅទីក្រុង Los Angeles នឹងអាចទទួលបានបទពិសោធន៍ថ្មីស្រឡាង គឺការជិះយន្តហោះតាក់ស៊ី ដើម្បីចូលរួមទស្សនាការប្រកួត។ នេះបើតាមការចុះផ្សាយពីគេហទំព័រ World Today។


ក្រុមហ៊ុន Archer Aviation បានក្លាយជាដៃគូផ្លូវការជាមួយអ្នករៀបចំព្រឹត្តិការណ៍ LA28 Olympics និងក្រុមកីឡាតំណាងជាតិអាមេរិក ដើម្បីជាអ្នករៀបចំយន្តហោះតាក់ស៊ីទាំងស្រុង នៅក្នុងព្រឹត្តិការណ៍មួយនេះ។
តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ ក្រុមហ៊ុន Archer នឹងត្រៀមយន្តហោះតាក់ស៊ីខ្នាតតូច ដំណើរការដោយថាមពលអគ្គិសនី និងមានឈ្មោះថា Midnight ដើម្បីត្រៀមដឹកជញ្ជូនអ្នកគាំទ្រនៅទូទាំងទីក្រុង Los Angeles ទៅកាន់ទីតាំងប្រកួតកីឡា។
កាសែត Washington Post ក៏បានរាយការណ៍ដែរថា យន្តហោះអគ្គិសនី Midnight នេះអាចផ្ទុកមនុស្សរហូតដល់ ៤នាក់ និងវ៉ាលីតូចៗ ធ្វើដំណើរចន្លោះពី៣២ រហូតដល់ ៨០គីឡូម៉ែត្រ ចំណាយពេលចន្លោះពី១០ ទៅ ២០នាទី។ យន្តហោះនេះអាចបើកលឿនបំផុតដល់ ២៤១គីឡូម៉ែត្រក្នុងមួយម៉ោង និងប្រើពេលបញ្ចូលអគ្គិសនីត្រឹមតែ ១០នាទីប៉ុណ្ណោះ៕
អត្ថបទ៖ Luffy រូបភាព៖ Archer