មហាសេដ្ឋីអាមេរិក Jensen Huang ទើបនឹងទទួលបានការតម្លើងប្រាក់បៀវត្សលើកដំបូង ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ដែលលោកកាន់តំណែងជា CEO ប្រចាំក្រុមហ៊ុនផលិតបន្ទះឈីបកំពូល Nvidia។


សារព័ត៌មាន CNBC បានចុះផ្សាយថា ក្នុងឆ្នាំសារពើពន្ធ២០២៥ ប្រាក់បៀវត្សរបស់លោក Huang ទទួលបានពីក្រុមហ៊ុន Nvidia ចំនួន ១,៥លានដុល្លារ ខណៈកាលពី ១០ឆ្នាំមុន លោកទទួលបានជិត ១លានដុល្លារ។
បន្ថែមពីប្រាក់បៀវត្សគោលប្រចាំឆ្នាំ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ទទួលបានប្រាក់ឧបត្ថម្ភ និងលើកទឹកចិត្តជាច្រើនទៀតពីក្រុមហ៊ុន Nvidia សរុបជាទឹកប្រាក់ប្រហែល ៤៩,៩លានដុល្លារឯណោះ។
គួរជម្រាបដែរថា មហាសេដ្ឋី Jensen Huang គឺជាសហស្ថាបនិកនៃក្រុមហ៊ុន Nvidia ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ហើយបានកាន់តំណែងជា CEO តាំងពីពេលនោះមក។ បច្ចុប្បន្ន លោក Huang មានទ្រព្យសម្បត្តិប្រហែល ១០០ពាន់លានដុល្លារ និងជាមហាសេដ្ឋីមានបំផុតទី១៨ លើពិភពលោក៕
អត្ថបទ៖ Luffy រូបភាព៖ Nvidia