ម៉ាឡេស៊ីក្លាយជាមជ្ឈមណ្ឌលនាំចេញផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ច្រើនបំផុតទី០៩ លើពិភពលោក

ប្រទេសម៉ាឡេស៊ី នៅតែអាចរក្សាបានតំណែងជាអ្នកនាំចេញផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ច្រើនបំផុតលើពិភពលោក បើទោះជាប្រទេសតូចមួយនេះ មានគូប្រជែងជាច្រើនក្ដី។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Bernama ចុះផ្សាយថា ម៉ាឡេស៊ីជាប់នៅលេខរៀងទី០៩ ជាអ្នកនាំចេញផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ច្រើនបំផុត ក្នុងចំណោម ១៤៣ប្រទេសនៅក្នុងឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Hasnol Zam Zam Ahmad បានឲ្យដឹងថា ការនាំចេញផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់របស់ម៉ាឡេស៊ី ក្នុងឆ្នាំ២០២៣ បានកើនឡើង ២ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុនៗ ពោលសម្រេចបាន ១២៧ពាន់លានដុល្លារ។

រដ្ឋមន្ត្រីរូបនេះបន្ថែមទៀតថា ការរក្សាតំណែងជាអ្នកនាំចេញផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ គឺមិនងាយស្រួលទេ ដោយសារផលិតផលនីមួយៗ ត្រូវតែផលិតតាមស្តង់ដារអន្តរជាតិ និងត្រូវទទួលស្គាល់ពីអង្គការធំៗដូចជា OECD និងធនាគារពិភពលោកជាដើម។

លោក Hasnol Zam Zam បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីនឹងប្ដេជ្ញាពង្រីក និងពង្រឹងការច្នៃប្រឌិតប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាបាននូវការប្រកួតប្រជែងដោយស្មើភាព ចំពោះគ្រប់វិស័យ ជាពិសេសគឺវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់តែម្ដង៕

អត្ថបទ៖ Luffy រូបភាព៖ MOSTI