មហាសេដ្ឋី និងមន្រ្តីជាន់ខ្ពស់ ៤រូបនឹងឡើងឆាកចែករំលែកគន្លឹះជោគជ័យការវិនិយោគ និងអភិវឌ្ឍន៍សំណង់អចលនទ្រព្យនៅកម្ពុជា

មហាសេដ្ឋី ២រូប រួមនឹងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអភិបាលរាជធានីភ្នំពេញ នឹងឡើងឆាកដ៏ធំចែករំលែកគន្លឹះជោគជ័យសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍សំណង់ និងអចលនទ្រព្យនៅកម្ពុជា នាពេលខាងមុខ។

សមាគមអ្នកសាងសង់កម្ពុជា បានឲ្យដឹងថា កម្មវិធីចែករំលែកគន្លឹះជោគជ័យក្នុងវិស័យអចលនទ្រព្យ នឹងទទួលបានការចែករំលែកពីរសំណាក់មហាសេដ្ឋី ពុង ឃាវសែ សេដ្ឋី វ៉ាន់ ឆាស៍ ដែលជាអ្នកអភិវឌ្ឍន៍ជោគជ័យក្នុងវិស័យអចលនទ្រព្យដ៏ល្បីល្បាញ។

លើសពីនេះក៏មានវត្តមានឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលលោកនឹងផ្តល់សុន្ទរកថាគន្លឹះនៃការអភិវឌ្ឍន៍ និងការវិនិយោគលើវិស័យសំណង់នៅកម្ពុជា។ ចំណែកឯលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងមានចំណាប់អារម្មណ៍អំពីការអភិវឌ្ឍន៍ និងទិសដៅសម្រាប់អភិវឌ្ឍន៍អចលនវត្ថុនៅរាជធានីភ្នំពេញ។

បើតាមសមាគមអ្នកសាងសង់កម្ពុជា ការចូលរួមសន្និបាតស្តីពីគន្លឹះជោគជ័យសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍សំណង់ និងអចលនទ្រព្យនៅកម្ពុជា នឹងធ្វើឡើងរយៈពេល ៣ថ្ងៃគឺនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយឥតគិតថ្លៃ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ CCA