កម្ពុជា បានទាក់ទាញទុនវិនិយោគពីវិស័យឧស្សាហកម្មបានប្រមាណជាង ២៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ខណៈតម្លៃបរិមាណផលិតផលសរុបក្នុងវិស័យនេះមានចំនួនជាង ១៣ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចេញផ្សាយនៅថ្ងៃនេះ។
របាយការណ៍ បានបញ្ជាក់ថា ទុនវិនិយោគសរុបក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ២៥.១៦៨ លានដុល្លារអាម៉េរិក មានការកើនឡើង ចំនួនជាង ៤.៧១១ លានដុល្លារអាម៉េរិក ស្មើនឹង ២៣.០៣% បើធៀបទៅនឹងឆ្នាំ២០២៤។ ទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៣.៩០៦ លានដុល្លារអាម៉េរិក ស្មើនឹង ១៥,៥២% នៃទុន វិនិយោគសរុប។
សម្រាប់ក្នុងឆ្នាំ២០២៥ នេះ តម្លៃបរិមាណផលិតផលសរុប ក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ១៣.៥៨៣ លានដុល្លារអាម៉េរិក មានការថយចុះចំនួនជាង ១.៥៦៦ លានដុល្លារអាម៉េរិក ស្មើនឹង ១០,៣៤% បើធៀបទៅនឹងឆ្នាំ២០២៤។

ក្នុងនោះ តម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក និង សម្រាប់ធ្វើការនាំចេញ មានដូចជា ក្នុងស្រុក មានចំនួនជាង ៣.៦៥៦,៧ លានដុល្លារអាម៉េរិក មានការថយចុះចំនួនជាង ២៣៤,៥ លានដុល្លារអាម៉េរិក ស្មើនឹង ៦,០៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ និង នាំចេញ ៖ មានចំនួនជាង ៩.៩២៦,៦ លានដុល្លារអាម៉េរិក មានការថយចុះចំនួនជាង ១.៣៣១,៥ លានដុល្លារអាម៉េរិក ស្មើនឹង ១១,៨៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។
សម្រាប់វិស័យឧស្សាហកម្ម មានកម្លាំងពលកម្មសរុបចំនួន ១.២៦៨.៩៥៣នាក់ ក្នុងនោះមានស្រីចំនួន ៩០៣.៩៩១នាក់ ស្មើនឹង ៧១,២៤% មានការកើនឡើងចំនួន ១០៨.៧៧២ នាក់ ស្មើនឹង ៩,៣៨% បើធៀបទៅនឹងឆ្នាំ២០២៤។

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយ កំណត់អាទិភាពពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា លើសពីមូលដ្ឋានផលិតកម្មតម្លៃទាប និងការពង្រឹងសមត្ថភាពស្ថាប័ន។
ថ្លែងក្នុងពិធីបើកសន្និបាត ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ។
ជាមួយនឹងគោលដៅចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ និងចក្ខុវិស័យឆ្នាំ២០២៥ ក្លាយជាប្រទេសមានចំណូលខ្ពស់ កម្ពុជាត្រូវមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ អភិបាលកិច្ចរឹងប៉ឹង និងប្រព័ន្ធនានារបស់ជាតិដែលខ្លាំងក្លា។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ «វាជាបេសកកម្មដែលតម្រូវឱ្យកម្ពុជាមិនមែនត្រឹមតែផលិតបានទំនិញច្រើនប៉ុណ្ណោះទេ ប៉ុន្តែជាទំនិញប្រកបដោយតម្លៃបន្ថែម មានកម្លាំងពលកម្មដែលប្រកប ដោយជំនាញ គុណភាពដែលមានការបញ្ជាក់ត្រឹមត្រូវ សេវាកម្មដែលជឿជាក់បាន អនុលោមភាពដែលអន្តរជាតិទទួលស្គាល់ និងនវានុវត្តន៍ដែលដោះស្រាយបញ្ហាប្រឈមជាក់ស្តែង»។

វិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខ ក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យនេះជាឧបករណ៍យុទ្ធសាស្ត្រមួយ ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងជាកំលាំងចលករមួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម រួចចំណែកសម្រេចចក្ខុវិស័យឆ្នាំ២០៥០។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ៖ «យើងទាំងអស់គ្នាកំពុងស្ថិតក្នុងសម័យកាលដែលប្រៀបប្រកួតប្រជែងខាងសេដ្ឋកិច្ច លែងត្រូវបានកំណត់ដោយកត្តាថ្លៃដើមទាបតែមួយមុខហើយ ប៉ុន្តែគុណភាព ស្តង់ដារ អនុលោមភាព ផលិតភាព នវានុវត្តន៍ សុវត្ថិភាព និរន្តរភាព និងសមត្ថភាពឈានទៅចាប់យកតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃទើបជាកត្តាកំណត់»៕
អត្ថបទ៖ ប៊ី


