អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ចែករំលែក ៧ ចំណុច ទាក់ទងស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្ន

វិស័យអចលនទ្រព្យត្រូវបានប៉ាន់ស្មានថាបន្តមានកំណើនយឺតក្នុងឆ្នាំ ២០២៦ នេះ ប៉ុន្តែការកើនឡើងសកម្មភាពលក់ផ្ទះលំនៅដ្ឋាននៅតែរួមចំណែកគាំទ្រវិស័យអចលនទ្រព្យ ជាពិសេស ការផ្គត់ផ្គង់ខុនដូដែលមានតម្លៃសមរម្យក្នុងទីផ្សារនៅក្នុងរាជធានីភ្នំពេញ ខណៈដែលថ្លៃអចលនទ្រព្យមានការថមថយ។

ទន្ទឹមនេះ អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានលើកឡើងជាសំនួរថា តើវិស័យអចលនវត្ថុពិតជាជាប់គាំងទាំងស្រុងមែនទេ?

អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន  បានរៀបរាប់ថា បងប្អូនស្ទើរតែគ្រប់ៗគ្នា ទាំងអ្នកវិនិយោគជាជនជាតិខ្មែរ ទាំងវិនិយោគជាជនជាតិបរទេសដែលកំពុងរកស៊ី ឬវិនិយោគ និងអភិវឌ្ឍអចលនវត្ថុ នៅក្នុងប្រទេសកម្ពុជា ជាពិសេសអ្នកដែលមិនប្រឡូកក្នុងវិស័យនេះ តែងនិយាយជាអួររួមថា «វិស័យអចលនវត្ថុនៅកម្ពុជាកំពុងជាប់គាំង»។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានបញ្ជាក់ដូច្នេះថា ៖ «ក្នុងនាមខ្ញុំជាអ្នកប្រឡូកផ្ទាល់ ឬវិនិយោគផ្ទាល់ក្នុងវិស័យនេះ ជាច្រើនឆ្នាំ និងជាអ្នកប្រឡូកជារៀងរាល់ថ្ងៃ ខ្ញុំនឹងធ្វើការចែករំលែកជូនបងប្អូនយើងឱ្យជ្រាបច្បាស់នៅក្នុងវិស័យនេះដូចខាងក្រោម ៖

1. លំនៅដ្ឋានផ្ទះ ឬខុនដូ តម្លៃសមរម្យ ($17,000 -$49,000) ក្នុងទីក្រុងភ្នំពេញ កំពុងមានតម្រូវការខ្ពស់សម្រាប់ប្រជាជនកម្ពុជា។

2. វីឡាប្រណិតសម្រាប់រស់នៅផ្ទាល់ខ្លួនក្នុងទីក្រុងភ្នំពេញ នៅតែមានតម្រូវការសម្រាប់ មន្រ្តីរាជការកំរិតខ្ពស់ អ្នកជំនួញធំៗ ជាលក្ខណៈភ្លៀងរលឹម (មួយៗ) តែមិនមែនជាតម្រូវការខ្ពស់ដូចមុនឆ្នាំ២០១៩ ដែលនាំគ្នាទិញទុកចំណេញនោះទេ។

3. ដីធ្លីក្នុងទីក្រុងភ្នំពេញ ទីតាំងល្អៗ លើផ្លូវធំ រូបរាងដីល្អៗ ហើយលក់ក្នុងតម្លៃ ពី 30% ទៅ 50% ក្រោមតម្លៃទីផ្សារមុនឆ្នាំ2019 នៅតែមានតម្រូវការ ឬនៅតែមានអ្នកទិញ តែជាតម្រូវការភ្លៀងរលឹម (មួយៗ) និង Slow ដោយសារអ្នកទិញមានជំរើសច្រើន និងមានអំណាចក្នុងការចចារ។

4. ដីធ្លីសម្រាប់រោងចក្រ ឃ្លាំង សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ជាពិសេសខេត្តជាប់ទីក្រុងភ្នំពេញ មានតម្រូវការជាហូរហែរ តែតម្លៃដែលត្រូវការគឺមិនលើពី $10/m2 និងប្រភេទដីទំហំធំ ដែលអ្នកទិញទិញសម្រាប់ការពង្រីកបន្ថែមរោងចក្រនោពេលអនាគត។ ទោះជាយ៉ាងណាតម្រូវការនេះ មានមួយៗ និងប្រើពេលយូរ (slow) ក្នុងការបង្កើតប្រតិបត្តិការទិញលក់។

5. តម្រូវការដីកសិកម្ម ដីកសិ-ឧស្សាហកម្ម មានតម្រូវការទិញតិចតួច នោះដោយសារ តែអ្នកវិនោយោគដីធ្លីធំៗបានចាប់ដៃគូវិនិយោគក្រៅប្រទេស និងបានបង្វែរដីដែលធ្លាប់ទិញទុកចោល ទៅជាដីកសិកម្ម ដីកសិ-ឧស្សាហកម្មវិញ ហើយតម្រូវការដីកសិកម្ម ឬដីកសិ-ឧស្សាហកម្មនេះជាប្រភេទដីធំៗ និងត្រូវតែជាដីដែលមានតម្លៃធូរថ្លៃ មិនលើសពី $3/m2 នោះទេ។

6. ខុនដូក្នុងទីតាំងពិសេស ដូចជាក្នុងតំបន់បឹងកេងកង1 ដូនពេញ -ល- ជាប្រភេទខុនដូមានតម្លៃខ្ពស់បែប Premium នៅតែមានអ្នកទិញមួយៗ តែមិនច្រើននោះដែរ ហើយតម្រូវការនេះមានកំណត់។

7. គ្រប់គម្រោងអភិវឌ្ឍន៍ត្រូវតែជាគម្រោងដែលមានការគាំទ្រពីធនាគារដល់អ្នកទិញក្នុងអត្រាការប្រាក់សមរម្យ និងមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងរបស់ខ្លួន ដែលអាចនាំឱ្យមានទំនុកចិត្តសម្រាប់អ្នកទិញ ទើបជាជំរើសសម្រាប់អ្នកទិញ»៕

អត្ថបទ៖ ប៊ី, ប្រភព៖ អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន