អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន  ​បង្ហើបពីគម្រោងអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យនាឆ្នាំ ២០២៧ ខាងមុខ

អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បាន​បង្ហើបពីគម្រោងអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យនៅនាឆ្នាំ ២០២៧ ខាងមុខ ខណៈបច្ចុប្បន្ន អ្នកឧកញ៉ា បណ្ឌិត បាននិងកំពុង​ផ្តោតលើជំនួញក្នុងវិស័យអចលនវត្ថុចំនួន ២ ក្នុងចំណោម ៥ ប្រភេទ។

អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន  បានរៀបរាប់ថា បងប្អូនដឹងទេ ទោះនៅពេលនេះស្ថានភាពអចលនវត្ថុស្ថិតនៅក្នុងស្ថានភាពទ្រឹង ឬស្ងប់ស្ងាត់ក៏ពិតមែន តែបើអ្នកមានជំនាញពិតប្រាកដនៅក្នុងវិស័យនេះ នៅតែអាចស្វែងរកឱកាសធ្វើជំនួញដដែរ។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា បណ្ឌិត បានថ្លែងដូច្នេះថា ៖« ខ្ញុំចង់បញ្ចាក់ឱ្យកាន់តែច្បាស់ថា ក្នុងជំនួញវិស័យអចលនវត្ថុ គឺមានជំនួញ ៥ ប្រភេទ ដែលលោកអ្នកត្រូវដឹង៖ ១. ភ្នាក់ងារអចលនវត្ថុ ២. វាយតម្លៃអចលនវត្ថុ ៣. គ្រប់គ្រងអចលនវត្ថុ ៤. វិនិយោគអចលនវត្ថុ  និង៥. អភិវឌ្ឍន៍អចលនវត្ថុ»។

អ្នកឧកញ៉ា បណ្ឌិត បានបន្តថា ជំនួញទាំង ៥ ខាងលើ គ្មានជំនួញណាមួយល្អជាងជំនួញណាមួយនោះទេ អ្វីដែលសំខាន់បងប្អូនមានជំនាញពិតប្រាកដក្នុងជំនួញនោះ។

អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន  បានគូសបញ្ជាក់ និងបង្ហើបពីគម្រោងអភិវឌ្ឍន៍នាអនាគត ថា ៖«ចំណែកខ្ញុំ បច្ចុប្បន្ន​ កំពុងធ្វើជំនួញ ២ ប្រភេទ ក្នុងវិស័យអចលនវត្ថុនេះ គឺ ភ្នាក់ងារអចលនវត្ថុ និងវិនិយោគអចលនវត្ដុ ហើយនឹងចាប់ផ្តើម បន្ថែមមួយទៀត គឺអភិវឌ្ឍខុនដូតម្លៃសមរម្យនៅក្នុងឆ្នាំ ២០២៧ ខាងមុខនេះ»។

សូមបញ្ជាក់ផងដែរថា អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ក៏ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន KH Haitech ដែលជាក្រុមហ៊ុនកូនខ្មែរ និងមានស្លាកយីហោខ្មែរ KH (K Haitech) ផងដែរ។ ក្រុមហ៊ុន KH HAITECH មានគម្រោងបង្កើតមូលដ្ឋានផលិតកម្មរបស់ខ្លួននៅកម្ពុជា ដើម្បីជំរុញឧស្សាហកម្ម ៤.០ ពង្រីកការប្រើប្រាស់បច្ចេកវិទ្យាតម្លៃសមរម្យ និងគាំទ្រឧស្សាហូបនីយកម្ម ខណៈដែលកម្ពុជាកំពុងឈានឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច៕

អត្ថបទ៖ ប៊ី