មន្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី៖ ​កម្ពុជា​មានគោលនយោបាយ​ប្រែក្លាយ​ផ្ទះ​ប្រជាពលរដ្ឋ​​ទៅជា​ទ្រនំសុភមង្គល

ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា​ កម្ពុជា​មានគោលនយោបាយ​ប្រែក្លាយ​ផ្ទះ​របស់ប្រជាពលរដ្ឋ​គ្រប់​គ្រួសារ​ទៅជា​ទ្រនំសុភមង្គល​ តាមរយៈការជំរុញ​ឱ្យមាន​ស្ថាបត្យកម្ម​សាមញ្ញ​ ងាយស្រួលរស់នៅ​ មានផាសុកភាព​ មានបណ្តាញ​សេវាសាធារណៈជាមូលដ្ឋាន​គ្រប់គ្រាន់។

ឯកឧត្តម ថេង ច័ន្ទសង្វារ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងដូច្នេះ នា​​ឱកាសអញ្ជើញចូលរួមក្នុងវេទិកាអនាគតនៃវិស័យអចលនទ្រព្យលេីកទី៥ ឆ្នាំ២០២៦ (RFF2026) នាទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម បានថ្លែងថា ៖«ថ្ងៃនេះខ្ញុំមានកិត្តិយសដ៏ខ្ពស់ខ្ពស់​ ដោយបានចូលរួមជាតំណាងឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ក្នុងវេទិកាអនាគតនៃវិស័យអចលនទ្រព្យលើកទី៥​ ​ឆ្នាំ២០២៦ (RFF2026)​ នាទីក្រុងរីយ៉ាត​ ប្រទេសអារ៉ាប៊ី​សាអូឌីត​»។

ឯកឧត្តម បានបន្តថា «ឆ្លើយតបនឹងសំណួររបស់អ្នកសម្របសម្រួល​ ខ្ញុំបានរំលេចជូនអង្គ​វេទិកា​ថាក្នុងវិស័យអចលទ្រព្យ​ រាជរដ្ឋាភិបាលកម្ពុជាមិនចាត់ទុកខ្លួនត្រឹមតែជាអ្នកដាក់ចេញគោលនយោបាយ​ និងជានិយ័តករនោះទេ​ ប៉ុន្តែក៏ជាដៃគូដ៏សំខាន់និងស្និទ្ធស្នាលរបស់អ្នកអភិវឌ្ឍន៍ផងដែរ។ ភាពជាដៃគូនេះ​ធ្វើឡើង​តាមរយៈ​វេទិការាជរដ្ឋាភិបាល-វិស័យឯកជន​ កិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកសាងសង់កម្ពុជា​ និងសមាគម​អ្នកអភិវឌ្ឍលំនៅឋានកម្ពុជា​ ជាដើម។

ជាង​នេះទៅទៀត​ ចំពោះមួយចំនួន​តូចដែល​ត្រូវបាន​ប៉ះពាល់ដោយសារកូវីដ-១៩​និង​ស្ថានភាព​សេដ្ឋកិច្ច​ រាជ​រដ្ឋាភិបាល​កម្ពុជា​ តែងនៅ​ឈរ​ដោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដោយឈរលើគោលការណ៍​ឈ្នះ​ ឈ្នះ​ និងជាពិសេស​ បាន​ផ្តល់​ការអនុគ្រោះពន្ធ​និងលើកលែងការបង់កម្រៃសេវា​សាធារណៈជាច្រើន​ ធ្វើយ៉ាងណាធានាការពារផលប្រយោជន៍ស្របច្បាប់​របស់ប្រជាពលរដ្ឋជាអតិថិជន​និងអ្នកពាក់ព័ន្ធ»។

ឯកឧត្តម ថេង ច័ន្ទសង្វារ «ពាក់ព័ន្ធនឹងគោលនយោបាយលំនៅឋាន​ ខ្ញុំបានសង្កត់ធ្ងន់ជូនវេទិកាថា​ កម្ពុជា​មានគោលនយោបាយ​ប្រែក្លាយ​ផ្ទះ​របស់ប្រជាពលរដ្ឋ​គ្រប់​គ្រួសារ​ទៅជា​ទ្រនំសុភមង្គល​ តាមរយៈការជំរុញ​ឱ្យមាន​ស្ថាបត្យកម្ម​សាមញ្ញ​ ងាយស្រួលរស់នៅ​ មានផាសុកភាព​ មានបណ្តាញ​សេវាសាធារណៈជាមូលដ្ឋាន​គ្រប់គ្រាន់ ដូចជា​ទឹក​​ ភ្លើង​ ផ្លូវ​ ផ្សារ​ សាលារៀន​ មណ្ឌលសុខភាព​។ល។ ដើម្បីសម្រេចគោលដៅនេះ​ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ កំពុង​ជំរុញ​បង្កើតនិងប្រើប្រាស់មូលនិធិ​លំនៅឋាន​ ការផ្តល់កម្ចីទាបសមរម្យ​ និងការវិនិយោគអចលនវត្ថុឱ្យចំគោលដៅ។​ ក្នុងន័យនេះ​ វិស័យឯកជន​ពិតជាដៃគូមិនអាចខ្វះបាន​ក្នុងការចូលរួមធ្វើឱ្យសម្រេចក្តីស្រមៃ​របស់កម្ពុជា»៕

អត្ថបទ៖ ប៊ី