ធនាគារជាតិនៃកម្ពុជា៖ វិស័យសំណង់នៅកម្ពុជាបន្តមានកំណើនទាប

វិស័យសំណង់នៅកម្ពុជាមានកំណើនទាបត្រឹម ០,៤% ក្នុងឆ្នាំ ២០២៥ ធៀបនឹង ១,២% នាឆ្នាំ២០២៤ ដោយសារភាពទន់ខ្សោយនៃតម្រូវការ គួបផ្សំភាពលើសនៃការផ្គត់ផ្គង់នាពេលកន្លងមក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយកាលពីថ្មីៗនេះ។

ទោះជា តម្រូវការនៅមានកម្រិតទាប ការផ្គត់ផ្គង់សំណង់ថ្មីៗនៅតែបន្ត ជ្រៀតចូលក្នុងទីផ្សារតាមរយៈការអនុម័តគម្រោងសំណង់ថ្មីៗ និងកំណើននៃការនាំចូលសម្ភារនិងបរិក្ខារសំណង់ដែលបាន កើន ៤០,១% ធៀបនឹង ៣៣,២% ឆ្នាំមុន។

តម្លៃគម្រោងសំណង់ទទួលបានការអនុម័តបានកើនឡើង៤៨,៣% ដែលក្នុងនោះ សំណង់ក្នុងវិស័យកម្មន្តសាល (សមាមាត្រ ៤៨,៩% នៃតម្លៃគម្រោងសំណង់ សរុប) កើនជាង ១ដង សំណង់លំនៅឋាន (សមាមាត្រ ៣២,៥%) កើន ៦៦,៥% និងសំណង់ក្នុងវិស័យ ទេសចរណ៍ (សមាមាត្រ ៥,១%) កើន ៧២,១% ខណៈសំណង់ក្នុងវិស័យពាណិជ្ជកម្ម (សមាមាត្រ ១១,១%) និងសំណង់សាធារណៈ (សមាមាត្រ ២,៤%) ថយចុះ ៤២,៥% និង ៣៩,៤% រៀងគ្នា។

តាមដានជាមួយយើង៖ Million Times

គួររំលេចថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ៦ ត្រូវបានអនុម័តដែលឆ្លុះបញ្ចាំងពីកំណើន សកម្មភាពសំណង់ក្នុងវិស័យកម្មន្តសាលនាពេលខាងមុខ។

វិនិយោគផ្ទាល់បរទេសទៅកាន់វិស័យសំណង់ត្រូវបានប៉ាន់ស្មានថាបន្តថយចុះ -៧,៧% ប៉ុន្តែក្នុងកម្រិតទាបជាង -២៥,៨% នាឆ្នាំ២០២៤ ស្របពេលដែលឥណទានទៅកាន់វិស័យសំណង់ បានកើនឡើងក្នុងល្បឿនយឺត ៧% គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ (១៥,៤% ក្នុងរយៈពេលដូចគ្នាឆ្នាំមុន)។ ទន្ទឹមនេះ ការផ្ទុះអាវុធកម្ពុជា-ថៃទាំងពីរលើក ក៏បានជះឥទ្ធិពលមួយចំនួនតូចទៅលើទំនុកចិត្ត វិនិយោគិននៅក្នុងវិស័យនេះផងដែរ។

គួរបញ្ជាក់ផងដែរថា កម្ពុជា បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួនជាង ៣ ៥០០ គម្រោង ដែលគិតជាទុនវិនិយោគប្រមាណជាង ៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥។ នេះបើយោងតាម របាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

របាយការណ៍បានឱ្យដឹងថា ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន ៣ ៥០៣ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៨.៦៧ លានម៉ែត្រការ៉េ ដែលតម្លៃប៉ាន់ស្មានទុនវិនិយោគគឺប្រមាណ ៧.៣២ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២៤ កើនឡើង៦៨,៨៩%។

របាយការណ៍បានឱ្យដឹងទៀតថា គិតពីចាប់ផ្តើមអនុវត្ត បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន៧១ ៨២០ គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ២១៩.២ លានម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៨៧.៦៩ ពាន់ដុល្លារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍នាកន្លងមកថា ចំពោះវិស័យសំណង់ បាន​និង​កំពុ​​ង​ព​ង្រឹង​គុណ​ភាពសំណង់បន្ថែម រួមទាំងការរៀបចំលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ​ឲ្យ​មាន​របៀប​រៀប​រយ ​ដែលជាការរស់នៅដោយភាពក្សេមក្សាន្ត ស្របតាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានផ្ទះសម្ដែងរស់នៅសមរម្យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​នេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំបញ្ចប់បញ្ហាជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា តាមរយៈ​ការវាស់វែងដីធ្លីចុះក្នុងបញ្ជីជាប្រព័ន្ធ នៅទូទាំងប្រទេស ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់​កាប់ដីធ្លីដោយសុវត្ថិភាព៕

អត្ថបទ៖ ប៊ី