រោងចក្រផលិតសំបកកង់រថយន្តតម្លៃជិត ៣០០ លានដុល្លារ បើកដំណើរការនៅថ្ងៃនេះ

រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀត ដែលបោះទុនដំណាក់កាលដំបូងជិត ៣០០ លានដុល្លារនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី ១២ ខែមករា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីដំណើរការសាងសង់រយៈពេលមួយឆ្នាំ។

ពិធីសម្ពោធនូវសមិទ្ធផលបង្ហាញពីវឌ្ឍនភាពដ៏ល្អប្រសើរលើការវិនិយោគនៅកម្ពុជានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស សុដានី អភិបាលរងខេត្តស្វាយរៀង ថ្នាក់ដឹកនាំក្រុមហ៊ុន ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តស្វាយរៀង ភ្ញៀវកិត្តិយស និងបុគ្គលិក កម្មករ និយោជិតរបស់ក្រុមហ៊ុនជាច្រើនរូបទៀត។

តាមដានជាមួយយើង៖ Million Times

រោងចក្រផលិតសំកង់រថយន្តដែលសម្ពោធនាព្រឹកថ្ងៃនេះ គឺវិនិយោគដោយក្រុមហ៊ុន វ៉ាន់លី ថាយអឺរ របស់ចិន ដែលផ្តល់ការងារដល់ពលរដ្ឋកម្ពុជាជាង ៦០០ កន្លែង ប្រជាជនលក្នុងស្រុក។ រោងចក្រផលិតសំបកកង់រថយន្តទី ៧ នៅកម្ពុជានេះ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ក្នុងក្រុងបាវិត ខេត្ត ស្វាយរៀង លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣២ ហិកតា។

ការកៀរវិនយោគបរទេសចូលមកដាក់ទុនវិនិយោគនៅកម្ពុជា គឺជាគោលដៅធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងនីតិកាលកន្លងទៅដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងក្នុងនីតិកាល នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ការវិនិយោគរបស់ក្រុមហ៊ុនវ៉ាន់លី ថាយអឺរ ជាផ្លែផ្កាកើតចេញពីគោលនយោបាយទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាល ជាពិសេសដំណើរគោះទ្វារវិនិយោគរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីខែតុលា ឆ្នាំ២០២៣។

ក្នុងបេសកកម្មនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបជាមួយលោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group និងបានទស្សនកិច្ចដោយផ្ទាល់នៅរោងចក្រ វ៉ាន់លី ថាយអឺរ នៅទីក្រុងក្វាងចូវ ប្រទេសចិន។ រយៈពេលមួយឆ្នាំក្រោយដំណើរបេសកកម្មនោះ ក្រុមហ៊ុនចាប់ផ្តើមវិនយោគ និងសាងសង់រោងចក្រ ហើយមួយឆ្នាំបន្ទាប់រោងចក្រចាប់ផ្តើមដំណើរការ។ នេះជាដំណើរការវិនិយោគដ៏លឿនរហ័ស និងបង្ហាញឱ្យឃើញពីជំនឿចិត្តដ៏មុតមាំរបស់ក្រុមហ៊ុនសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការសាទរចំពោះការសម្ពោធជាផ្លូវការនូវរោងចក្រ និងបានចាត់ទុកការវិនិយោគរបស់ក្រុមហ៊ុន គឺជាការជឿទុកចិត្តចំពោះបរិយាកាសវិនិយោគ ស្ថានភាពទីផ្សារ និងស្ថេរភាពនយោបាយនៅកម្ពុជា។

ក្រុមហ៊ុនវ៉ាន់លី ថាយអឺរ ជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ផលិតសំបកកង់ម៉ាកល្បីៗដូចជា WANLI, MILEVER, SUNNY, APTANY, DIAMOND… សម្រាប់នាំចេញទៅកាន់ទីផ្សារជ្រើនលើពិភពលោក។ ការវិនិយោគនៅកម្ពុជា គឺជារោងចក្រក្រៅប្រទេសលើកដំបូងរបស់ក្រុមហ៊ុន។ ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាខ្ពស់។

លោក JING GUANGJUN បានឱ្យដឹងថា រោងចក្រនៅកម្ពុជា ដែលសម្ពោធដាក់ឱ្យដំណើរការនៅព្រឹកថ្ងៃនេះ មានសមត្ថភាពផលិតសំបកកង់បានប្រមាណ ៦លានសំបកក្នុងមួយឆ្នាំសម្រាប់ដំណាក់កាលដំបូង ហើយបានរហូតដល់ ១២ លានសំបក នៅពេលរោងចក្រដំណើរការបានពេញលេញនៅចុងឆ្នាំ ២០២៦នេះ។

លោក JING GUANGJUN បានប្រកាសថា នឹងប្រឹងប្រែងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ហើយមូលដ្ឋាននៅកម្ពុជា ដើម្បីផលិត និងចែកចាយនៅតំបន់អាស៊ាន ក៏ដូចជាលើពិភពលោក។

ការវិនិយោគរបស់បរទេសជាពរជ័យដ៏វិសេសវិសាលសម្រាប់សេដ្ឋកិច្ចកម្ពុជា ផ្តល់ឱកាសការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងផ្តល់ជំនាញផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តស្វាយរៀង យកចិត្តទុកដាក់ថែទាំឱ្យបានល្អចំពោះការវិនិយោគរបស់ក្រុមហ៊ុន។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានប្រកាសប្តេជ្ញាជួយជ្រោមជ្រែងក្រុមហ៊ុនឱ្យទទួលបានការរីកចម្រើនលើការវិនិយោគរបស់ពួកគេនៅកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា ទើបនឹងមានការវិនិយោគផលិតសំបកកង់រថយន្តសម្រាប់នាំចេញក្នុងរយៈពេលប្រមាណ ៥ ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នកម្ពុជា មានរោងចក្រចំនួន ៧ កំពុងផលិតសំបកកង់រថយន្តនាំទៅកាន់ទីផ្សារអន្តរជាតិ។ ឆ្នាំ២០២៥ កម្ពុជា ផលិត និងនាំចេញបានសំបកកង់រថយន្តចំនួន ៣១ លានសំបក ស្មើនឹងទឹកប្រាក់ប្រមាណ ១,៣៨៥ លានដុល្លារអាមេរិក៕