ឯកឧត្តម គួច ចំរើន៖ ស្រុកល្វាឯម មានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុត ក្នុងចំណោមក្រុង-ស្រុកទូទាំងខេត្តកណ្ដាល

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរដល់ប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ដែលមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុត បើប្រៀបធៀបជាមួយក្រុង-ស្រុកទាំង១៣ទូទាំងខេត្តកណ្ដាល។

ការថ្លែងកោតសរសើរនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ០២ភូមិ សរុបចំនួន ២៧៦៣បណ្ណ ស្ថិតនៅភូមិសំបូរ ភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅបរិវេណវត្តសំបួរ ក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បន្តថា៖ បញ្ហាទំនាស់ដីធ្លីមាននៅគ្រប់ក្រុង-ស្រុកក្នុងខេត្តកណ្ដាល ប៉ុន្តែសម្រាប់ស្រុកល្វាឯម គឺជាស្រុកមួយគំរូដែលមានទំនាស់ដីធ្លីតិចតួចបំផុតបើប្រៀបធៀប និងក្រុង-ស្រុកដទៃទៀតទូទាំងខេត្តកណ្ដាល។ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរស្រុកល្វាឯម បន្តខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីដែលមាននៅសល់អោយអស់។

តាមដានជាមួយយើង៖ Million Times

ក្នុឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា៖ ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ហើយការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា៖ ភូមិទាំងពីរដែលទទួលបានបណ្ណកម្មសិទ្ធនាពេលនេះ រាល់ឯកសារទាំងអស់ដែលមិនមែនជាប័ណ្ណកម្មសិទ្ធិនេះមិនអាចយកទៅលក់ ឬយកប្រើប្រាស់អ្វីផ្សេងទៀតបានទេ ហើយបើចង់លក់ ឬយកទៅប្រើប្រាស់អ្វីផ្សេងៗត្រូវចុះបញ្ជីដីធ្លីឡើងវិញ ពិសេសអាជ្ញាធរទាំងអស់មិនអាចបញ្ជាក់លើឯកាសារផ្សេងៗក្រៅពីបណ្ណដីធ្លីនេះបានឡើយ។

ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តសាមគ្គីភាពគ្នាជាធ្លុងមួយ ខ្មែរជួយខ្មែរ ដើម្បីជាខឿនដ៏រឹងមាំការពារជាតិ ការពារប្រជាជន ការពារទឹកដី ប្រឆាំងនឹងសត្រូវឈ្លានពាន! ខ្មែររួបរួមសាមគ្គី! ខ្មែរតែមួយខ្មែរខ្លាំង! យើងទាំងអស់គ្នាជឿជាក់ និងគាំទ្រដល់រាជរដ្ឋាភិបាល វីរកងទ័ពជួរមុខដ៏អង់អាចក្លាហានមុះមុត ទប់ទុលជាមួយសត្រូវឈ្លានពាន៕

អត្ថបទ៖ ប៊ី