ផ្លូវជនបទចំនួន ១៤ ខ្សែ ក្នុងខេត្តក្រចេះ នឹងបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក

ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានសាងសង់ផ្លូវជនបទ ចំនួន ១៤ ខ្សែ សរុបប្រវែង ១៣៤,៤០ គីឡូម៉ែត្រ (គ.ម) នៅក្នុងខេត្តក្រចេះ ដែលជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។

ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ ស្ថិតនៅក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ  និងមានចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ តំណាងធនាគារពិភពលោក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ១ ២០០នាក់។

តាមដានជាមួយយើង៖ Million Times

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានធ្វើរបាយការណ៍ស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពភូមិសាស្ដ្រ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនិងគមនាគមន៍ និងកម្រិតជីវភាពរបស់ប្រជាជននៅទូទាំងខេត្តក្រចេះ ។

បន្ទាប់មក លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជានាយកគម្រោង បានធ្វើរបាយការណ៍សង្ខេបអំពីសវតា គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) បានទទួលថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោកដែលត្រូវសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ដែលមានប្រវែងសរុប ២៨៣.២ គ. ម ស្ថិតក្នុងខេត្តគោលដៅចំនួន៣ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពទាំងអស់របស់ខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងទទួលបាននូវសមិទ្ធផលនានាលើគ្រប់វិស័យទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យខេត្តក្រចេះកាន់តែមានសម្រស់ស្រស់បំព្រង។

default

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានជម្រាបជូនអំពីយុទ្ធសាស្ដ្របញ្ចកោណ និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ“កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។

ឯកឧត្ដមរដ្ឋមន្រ្ដី បានថ្លែងថា ផ្អែកលើយុទ្ធសាស្ដ្រនៃគោលនយោបាយជាតិនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវអនុវត្តនូវយុទ្ធសាស្រ្តគន្លឹះចំនួន៥ ដែលកម្មវិធីអាទិភាពរបស់ក្រសួង ក្នុងគោលបំណងលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទប្រកប ដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយក្នុងនោះ ក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដើម្បីផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងបន្ថែមទៀតដែលជាមូលដ្ឋានគ្រឹះនៃកំណើនប្រាក់ចំណូលរបស់គ្រួសារនៅតំបន់ជនបទ។

default

ជាក់ស្ដែងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទទាំង ១៤ខ្សែ ប្រវែងសរុប ១៣៤,៤០គីឡូម៉ែត្រ នេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១៥ ២១៨គ្រួសារ ស្មើនឹងប្រជាជនប្រមាណ ៧៦ ០០០នាក់ ក្នុងភូមិចំនួន ៣៥ ឃុំចំនួន ១១ ក្នុងស្រុកចិត្របុរី ស្រុកស្នួល ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ ដោយជួយបង្កើនការតភ្ជាប់ និងគាំទ្រ ក៏ដូចជាសម្រួលដល់ការប្រកបការងារប្រចាំថ្ងៃ ចំណេញពេលវេលា និងថវិកា ហើយធានាបាននូវការប្រើប្រាស់ផ្លូវបានគ្រប់រដូវកាល ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ចូលទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិកាំពីរ និងអន្លង់ផ្សោតផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តាំផ្ញើដល់មន្រ្តីអនុវត្តគម្រោងទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ទីប្រឹក្សាបច្ចេកទេសទាំងអស់ត្រូវមានភាពជាម្ចាស់ការ និងយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍សុវត្ថិភាព ព្រមទាំងបាន អំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមបង្កលក្ខណៈងាយស្រួលសម្របសម្រួលដោះស្រាយផលប៉ះពាល់ ប្រកបដោយសាមគ្គីភាព និងចាត់ទុកជាប្រយោជន៍សមូហភាព ព្រមទាំងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយដែលរដ្ឋាភិបាលបានផ្តល់ជូនកន្លងមក៕

អត្ថបទ៖ ប៊ី