គម្រោងវិនិយោគចំនួន ១៩ ក្រោមទុនជាង ២៧០ លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ១៩ ទៀត ក្រោមទុនវិនិយោគសរុប ២៧៦ លានដុល្លារអាមេរិក។

កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សា សម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និង ធុរកិច្ចក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

ជាលទ្ធផល អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ជូនគម្រោងចំនួន ១៩ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ២៧៦ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១ ៨៤៥ កន្លែង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៧ និង គម្រោងថ្មី ចំនួន ១២។

តាមដានជាមួយយើង៖ Million Times

គម្រោងទំាងនេះ រួមមានគម្រោងសណ្ឋាគារ អគារពហុមុខងារ រោងចក្រផលិតឧបករណ៍ជួសជុលរថយន្ត សិប្បកម្មផលិតក្តារបន្ទះ រោងច្រកផលិតគ្រឿងសង្ហារឹម រោងចក្រផលិតដំណាប់ផ្លែឈើ និង កែច្នៃគ្រាប់ធញ្ញជាតិ និងគម្រោងរោងចក្រផលិតទឹកស្អាត និងផ្គត់ផ្គង់អគ្គិសនី ។

សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ ២០២៤ រហូតដល់ខែ តុលា ឆ្នាំ ២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ជូនគម្រោងចំនួន ៣៩២ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ៨៧១ លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារបាន ៥០ ៦៧០ កន្លែង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងមាន ចំនួន ១៨៦ គម្រោងថ្មីមាន ចំនួន ១៦៦ គម្រោងពង្រីកមានចំនួន ២៥ និង គម្រោងមានស្រាប់ចំនួន ១៥។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានបន្តអនុវត្តកម្មវិធីពិសេសនេះ យ៉ាងសស្រាក់សស្រាំ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងរយៈពេលជិត ២ ឆ្នាំកន្លងមកនេះ។

ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីកិច្ចសហការយ៉ាងសកម្ម រវាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានបង្កើន និង ពង្រឹងការវិនិយោគនៅក្នុងខេត្តព្រះសីហនុ តាមរយៈការងារគន្លឹះចំនួន ៤ ៖ ១). ការលើកទឹកចិត្តផ្នែកពន្ធ និង ការសម្របសម្រួលផ្នែករដ្ឋបាល, ២). ការជំរុញការវិនិយោគប្រកបដោយគុណភាព ៣). ការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ, និង ៤). ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

លើសពីនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីចំណុចពិសេស នៃកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តជាគំរូ សម្រាប់ទាក់ទាញ និង ថែទាំវិនិយោគ ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាទីតាំងវិនិយោគពហុបំណង និង ប្រកបដោយយុទ្ធសាស្ត្រ។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិនរួសរាន់អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធនឹងការវិនិយោគ។

វិនិយោគិនអាចទំនាក់ទំនងតាមបណ្តាការិយាល័យ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ៖ ១). ការិយាល័យក្រុងព្រះសីហនុ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ តាមរយៈលេខទំនាក់ទំនង៖ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០ និង ២). ការិយាល័យរាជធានីភ្នំពេញ ដែលមានអាសយដ្ឋាននៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ តាមរយៈលេខទំនាក់ទំនង៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣៕

អត្ថបទ៖ ប៊ី