ផ្លូវ ២ ខ្សែ តម្លៃជាង ៥ លានដុល្លារ នឹងជួយតភ្ជាប់គោលដៅទេសចរណ៍ធម្មជាតិក្នុងខេត្តកោះកុង

ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុង ចំនួន ០២ខ្សែ ប្រវែងសរុប ៣២,១០ គីឡូម៉ែត្រ តម្លៃជាង ៥ លានដុល្លារ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីតភ្ជាប់គោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ និងការសាងសង់ប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យ ដល់សហគមន៍អេកូទេសចរណ៍។

ពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុង ចំនួន ០២ ខ្សែនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាប ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍  ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្ដើម លោកជំទាវ ឈី វ៉ា បានធ្វើរបាយការណ៍ស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពភូមិសាស្ដ្រ សង្គមកិច្ច សេដ្ឋកិច្ច សក្ដានុពលទេសចរណ៍ ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនិងគមនាគមន៍ និងកម្រិតជីវភាពរបស់ប្រជាជននៅទូទាំងខេត្តកោះកុង។

តាមដានជាមួយយើង៖ Million Times

បន្ទាប់មក ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជានាយកគម្រោង CSLEP បានបញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា អនុវត្តដោយក្រសួងចំនួន ០២ គឺក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន មានរយៈពេលអនុវត្ត ៨ឆ្នាំ (ឆ្នាំ២០១៩ -២០២៧) ក្រោមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, មូលនិធិបរិស្ថានសកល និងធនាគារពិភពលោក។

ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តលើការងារសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងបេតុង ដើម្បីតភ្ជាប់គោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ និងការសាងសង់ប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យ ដល់សហគមន៍អេកូទេសចរណ៍។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើសុន្ទរកថាស្វាគមន៍ ដោយបានថ្លែងអំណរគុណចំពោះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ ក្នុងបុព្វហេតុគាំទ្រនិងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ជាក់ស្ដែងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ តភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ តាមរយៈគម្រោងនិរន្តរភាពតំបន់ ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នាឱកាសនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងបញ្ជាក់ថា ការសាងសង់ផ្លូវទាំងពីរខ្សែនេះ គឺប្រៀបបាននឹងការបង្កើតនូវសរសៃឈាម សេដ្ឋកិច្ច និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជា “មាសបៃតង” របស់កម្ពុជា។

បន្ទាប់ពីបានស្ដាប់សុន្ទរកថាស្វាគមន៍ និងរបាយការណ៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពទាំងអស់របស់ខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងទទួលបាននូវសមិទ្ធផលនានាលើគ្រប់វិស័យទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យខេត្តកោះកុងកាន់តែមានសម្រស់ស្រស់បំព្រង។

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានសម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសារទរចំពោះបងប្អូនប្រជាជនក្នុងមូលដ្ឋានចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការប្រចាំថ្ងៃ ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរចូលក្នុងតំបន់អេកូទេសចរណ៍ជីផាត។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានជម្រាបជូនអំពីយុទ្ធសាស្ដ្របញ្ចកោណ និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្ដជម្រាបជូនអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយក្នុងនោះ ក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដូចពាក្យស្លោក “មានផ្លូវគឺមានក្តីសង្ឃឹម”។

ជាក់ស្ដែងពិធីបើកការដ្ឋានសាងសង់ផ្លូវទាំងពីរខ្សែ ប្រវែងសរុប ៣២,១០គ.ម នេះ មានតម្លៃប្រមាណជាង ៥ លានដុល្លាអាមេរិក នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១ ៣៩៣គ្រួសារ ស្មើនឹង ៦ ១៤៥នាក់ រស់នៅក្នុងឃុំចំនួន ៤ គឺ ឃុំកណ្តោល ឃុំជីផាត ឃុំឬស្សីជ្រុំ និងឃុំជំនាប់ នៃស្រុកថ្មបាំង ខេត្តកោះកុង។

ឯកឧត្ដមរដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាន និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេងនិងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវឯកភាពជាតិ និងសន្ដិភាពពេញលេញទូទាំងប្រទេស និងក្រោមការដឹកនាំបន្តវេនប្រកបដោយថាមវន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន បាននិងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀត ជូនប្រទេសជាតិនិងប្រជាជន ដើម្បីសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ“កម្ពុជាជាប្រទេស មានប្រាក់ចំណូលខ្ពស់ឆ្នាំ ២០៥០”។

ជាចុងបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងទាំងពីរ និងគណៈអធិបតី បានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូបនៃការបើកឱ្យដំណើរការសាងសង់ផ្លូវទាំង ២ខ្សែខាងលើ៕

អត្ថបទ៖ ប៊ី