អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលនៃការអនុវត្តពន្ធលើចំណេញមូលធន រហូតដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦។
នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពី ការពន្យារពេលនៃការអនុវត្តប្រកាសលេខ ៤៩៦ សហវ.ប្រក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីពន្ធលើចំណេញមូលធន ពីអគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥។

ក្នុងន័យនេះ ពន្ធលើចំណេញមូលធនចំពោះទ្រព្យទាំង ៦ ប្រភេទ រួមមាន ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយបណ្ណបរទេស និងអចលនទ្រព្យ នឹងត្រូវចាប់ផ្តើមអនុវត្តដំណាលគ្នា នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ។
គួរបញ្ជាក់ផងដែរថា អនុលោមតាមប្រកាសលេខ ៣៤៦ សហវ.ប្រក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី «ពន្ធលើចំណេញមូលធន» មានវិសាលភាពកំណត់យក លើចំណេញមូលធន ចំពោះតែរូបវន្តបុគ្គលនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន (ជារូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជន) តាមអត្រា២០%នៃចំណេញមូលធន ពោលគឺចំណេញដែលសម្រេចបានពីការលក់ ឬផ្ទេរមូលធន ៦ប្រភេទរួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។
រីឯនីតិបុគ្គលនិវាសនជន ដែលបានចុះបញ្ជីពន្ធដារ និងប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរួចរាល់ មិនមានបន្ទុកពន្ធនេះបន្ថែមទៀតទេ។

ពន្ធលើចំណេញមូលធន ប្រមូលលើចំណេញមូលធន ដែលសម្រេចបាននៅពេលមានប្រតិបត្តិការលក់ ឬផ្ទេរមូលធនដែលមានចំណេញប៉ុណ្ណោះ ក្នុងករណីមិនមានចំណេញ គឺមិនមានកាតព្វកិច្ចបង់ពន្ធនេះទេ។
ចំពោះការគណនាប្រាក់ពន្ធ លើចំណេញមូលធន គឺយកប្រាក់ចំណេញ ពីការលក់ឬផ្ទេរមូលធន គុណនឹងអត្រាពន្ធ ២០% ហើយសម្រាប់មូលធនជាអចលនទ្រព្យ ម្ចាស់អចលនទ្រព្យអាចជ្រើសរើស វិធីសាស្ត្រកាត់កងចំណាយ ១) វិធីសាស្ត្រកាត់កងចំណាយ តាមការកំណត់ គឺអនុញ្ញាតឱ្យកាត់កងចំណាយ ៨០% នៃប្រាក់ចំណូលដែលទទួល បានពីការលក់ឬផ្ទេរអចលនទ្រព្យ ឬ២) វិធីសាស្រ្តកាត់កងតាមចំណាយជាក់ស្តែង គឺត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយដែលបានកើតឡើងជាក់ស្តែង៕
អត្ថបទ៖ ប៊ី


