ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា កោះរ៉ុងនៅតែជាកន្លែងទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសលើវិស័យទេសចរណ៍។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងដូច្នេះ នាឱកាសពិធីបញ្ចុះបឋមសិលាសាងសង់អគារពហុមុខងារ និងសណ្ឋាគារប្រណិតនៃគម្រោង Port Yves Palace Project របស់ក្រុ ហ៊ុន M B I S Development Co.,Ltd. នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងបន្តថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏សូមណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលរួមមាន ផ្លូវ ទឹក ភ្លើង អ៉ីនធឺណេត ការបង្កបង្កើនផលបន្លែ សាច់មាន់ ទា ស្ថានីយ៍ស្តុកម្ហូបអាហារ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃលើកោះផ្ទាល់ ការគ្រប់គ្រងសំរាម ការសម្អាតកោះជារួម និងការគ្រប់គ្រងទឹកកខ្វក់ជាដើម ទាំងអស់នោះសំដៅធានានិរន្តភាពនៃខឿនសេដ្ឋកិច្ចរបស់កោះ និងលើកស្ទួយជីវភាពរបស់អ្នកកោះរ៉ុងជារួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ទន្ទឹមនឹងគ្នានោះ ក៏ត្រូវផ្លាស់ប្តូរផ្នត់គំនិតមកទទួលយកថាកោះរ៉ុងក៏ជាសហគមន៍ប្រជាជាតិមួយ ហើយអ្នកកោះរ៉ុងខ្លួនឯងមានវប្បធម៌ អរិយធម៌ល្អជាមួយអ្នកភូមិផងរបងតែមួយ ចេះយកអាសារគ្នា ជាសហគមន៍ចម្រុះប្រជាជាតិនៅលើទឹកដីកម្ពុជា ដែលនេះហើយជាតារារះនាទិសនិរតី។
គួរបញ្ជាក់ផងដែរថា កោះរុង មានផ្ទៃដីទំហំ ៧៨ គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល ១០ គីឡូម៉ែត្រ។ ចំនុចខ្ពស់បំផុតរបស់កោះមានកំពស់ ១៣៣ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ កោះរុងគឺជាគោលដៅទេសចរណ៍ដែលកំពុងពេញនិយមសម្រាប់អ្នកដែលចង់លំហែរកាយតាមកោះនៃប្រទេសកម្ពុជា។ កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម។
កោះរ៉ុងគឺជាកន្លែងដ៏ល្អមួយដើម្បីបន្ធូរអារម្មណ៍ឬរុករកពីព្រោះកោះនេះនៅតែត្រូវបានបោះបង់ចោលមិនមានការអភិវឌ្ឍន៍និងធម្មជាតិ។ ការធ្វើដំណើរទៅកោះរុងត្រូវចំណាយពេលពីរម៉ោងឬច្រើនជាងនេះពីដីគោកក្នុងក្រុងព្រះសីហនុប្រទេសកម្ពុជា។
ចាប់ពីខែធ្នូទៅ រហូតដល់ខែមេសា ទឹកសមុទ្រនឹងប្រែជាពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ព៍ណសរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភះ។
ក្រៅពីនេះទៀត កោះរុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។ ផែកាណូតកើន ១១ កន្លែង បឹងហ្គាឡូ ២៧ កន្លែងផ្ទះសំណាក់ ៣៥ កន្លែងនិងមានសណ្ឋាគារ។
ជារួម ប្រទេសកម្ពុជាមានសមុទ្រស្អាតៗ និងពោរពេញដោយជីវិតក្នុងសមុទ្រចំរុះ។ គេឃើញមានផ្កាថ្មដុះនៅជុំវិញកោះរ៉ុង និងកោះរ៉ុងសន្លឹម៕
អត្ថបទ៖ ប៊ី


