អ្នកជំនួញផ្នែកអចលនទ្រព្យដែលមានកេរ្តិ៍ឈ្មោះក្រអូបសុះសាយ អ្នកឧកញ៉ា សំ សុខនឿន និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group ក៏មានអចលនទ្រព្យផ្ទាល់ខ្លួនជាច្រើនកន្លែងផងដែរ។


កាលពីថ្ងៃ ១៥ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានចូលរួមពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក្រោយចប់កម្មវិធីក៏បានជួបសំណេះសំណាលការងារខ្លះជាមួយប្រតិភូសមាគម ទាក់ទងនឹងវិស័យអចលនវត្ថុនៅកម្ពុជាពេលបច្ចុប្បន្ន។

សម្រាប់អ្នកឧកញ៉ាដែលមានដើមកំណើតពីស្រុកក្រូចឆ្មាររូបនេះ បានលើកឡើងថា ទោះជាវិស័យអចលនទ្រព្យកំពុងជាប់គាំងក៏ពិតមែន តែផ្នែកខ្លះក្នុងវិស័យនេះនៅតែមានទីផ្សារដដែល។ ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកយកប្រភេទអចលនទ្រព្យទាំងក្នុងភ្នំពេញ និងជាយក្រុងដែលនៅតែមានតម្រូវការជាបន្តបន្ទាប់។

បច្ចុប្បន្នប្រភេទអចលនទ្រព្យខ្លះនៅតែមានតម្រូវ ឬនៅតែមានអ្នកទិញ ជាប្រចាំ។ ខាងក្រោមនេះជាប្រភេទអចលនទ្រព្យដែលនៅតែមានតម្រូវការ ឬអ្នកទិញ បេីទោះបីស្ថានភាពអចលនទ្រព្យមិនទានមានភាពល្អប្រសេីរនៅឡេីយ៖
១. សម្រាប់ដីឧស្សាហកម្ម ដីសម្រាប់រោងចក្រ និងឃ្លាំង នៅមានតម្រូវការជាបន្តបន្ទាប់ តែដីនោះជាដីដែលមានតម្លៃក្រោម ១០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
២. ឃ្លាំង និងរោងចក្រសម្រាប់ជួលនៅតែមានអ្នកជួល ដោយអាចជួលពីតម្លៃ ១.៦ ដុល្លារ -២.២ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
៣. ដីក្នុងទីក្រុងភ្នំពេញ បើលក់តម្លៃ ៥០% ឬ៦០% ក្រោមទីផ្សារនៅតែមានអ្នកទិញ។
៤. ផ្ទះតម្លៃក្រោម ៦ម៉ឺនដុល្លារ នៅទីក្រុងភ្នំពេញ នៅតែមានអ្នកទិញរស់នៅផ្ទាល់ខ្លួន។
៥. ផ្ទះវីឡាតម្លៃថ្លៃក្នុងបុរីនៅតែមានអ្នកទិញ សម្រាប់រស់នៅផ្ទាល់ខ្លួន តែមិនមែនទិញសម្រាប់ទុកចំណេញទៀតទេ។
៦. ខុនដូតម្លៃសមរម្យ ក្រោម៥ម៉ឺនដុល្លារក្នុងទីក្រុងភ្នំពេញ នៅតែមានអ្នកទិញ។


អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ