ការជួលអចលនទ្រព្យតម្លៃក្រោម ៥ សែនរៀល ត្រូវបានលើកលែងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ

អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ មានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត មិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលជួលអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមអត្រា ១០ (ដប់) % នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។

កម្មសិទ្ធិករ ឬសិទ្ធិវន្ត ឬអ្នកតំណាង ដែលមានសិទ្ធិ ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យជូនរដ្ឋបាលសារពើពន្ធ ដែលអចលនទ្រព្យនោះស្ថិតនៅ ជារៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់ ប្រសិនបើកិច្ចសន្យាតម្រូវឱ្យបង់ថ្លៃឈ្នួលប្រចាំខែ ឬយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់ (គិតពីខែដែលធ្វើការទូទាត់ថ្លៃឈ្នួលសរុប) ប្រសិនបើកិច្ចសន្យាតម្រូវឱ្យមានការបង់ថ្លៃឈ្នួលសម្រាប់រយៈពេលច្រើនខែ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា យ៉ាងណាមិញ ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ក៏មានការលើកលែងផងដែរចំពោះថ្លៃឈ្នួលពីការជួលអចលនទ្រព្យចំពោះគ្រប់ករណីទាំងឡាយ ដែលសរុបប្រាក់ឈ្នួលប្រចាំខែក្រោម ៥០០ ០០០ (ប្រាំសែន) រៀល។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនឹងនេះ ពន្ធនេះក៏ត្រូវបានលើកលែងផងដែរចំពោះ៖

– ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នរាជរដ្ឋាភិបាល

– ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត

– ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់អង្គការ ឬសមាគមណាមួយ ដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធ ខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ ហើយគ្មានចំណែកណាមួយនៃថ្លៃឈ្នួល ត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន

– ប្រាក់ដែលអ្នកជួលបានតម្កល់ទុកជាប្រាក់ធានា ដែលកម្មសិទ្ធិករ ឬសិទ្ធិវន្តត្រូវប្រគល់គ្រប់ចំនួនឱ្យអ្នកជួលវិញនៅពេលចប់កិច្ចសន្យា

– ថ្លៃឈ្នួលដែលបានកាត់ទុកប្រាក់ពន្ធរួចហើយ ដោយសហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ស្របតាមមាត្រា ២៥ និងមាត្រា ២៦ នៃច្បាប់ស្តីពីសារពើពន្ធ

-ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានគិតបញ្ចូលក្នុងប្រាក់ចំណូលជាប់ពន្ធ របស់សហគ្រាសរួចហើយ៕

អត្ថបទ៖ ប៊ី