គម្រោងវិនិយោគចំនួន ៣ តម្លៃ ២៥០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានពិភាក្សាលើយន្តការ និងនីតិវិធីបច្ចេកទេសក្នុងការអនុវត្តគម្រោងវិនិយោគកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ៣ ក្នុងភូមិភាគឦសាន ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៥០ លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ១២ ០០០ កន្លែងដល់ប្រជាជន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.វ.ឦសាន កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិភាក្សាលើយន្តការ និង នីតិវិធីបច្ចេកទេសក្នុងការអនុវត្តគម្រោងវិនិយោគកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៣ ក្នុងខេត្តក្រចេះ និង ខេត្តរតនគិរី។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ប្រធានលេខាធិការដ្ឋាន ឯកឧត្តមអនុរដ្ឋលេខាធិការ អនុប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន សមាជិក-សមាជិកា នៃលេខាធិការដ្ឋាន ក.វ.ឦសាន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូស​បញ្ជាក់ថា គម្រោងវិនិយោគកសិកម្ម និងកសិ-ឧស្សាហកម្ម រួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍភូមិភាគឦសាន ដែលជាប្រភពកំណើនសេដ្ឋកិច្ច ប្រកបដោយសក្តានុពលខ្ពស់ តាមរយៈការលើកកម្ពស់ផលិតភាព និង ការកែច្នៃផលិតផលកសិកម្ម ដែលអាចជួយបង្កើនការនាំចេញរបស់កម្ពុជា និងទាក់ទាញការវិនិយោគបន្ថែមទៀត។

ក្រុមការងារ បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់លើគ្រប់ទិដ្ឋភាព ជាពិសេស ពាក់ព័ន្ធនឹងការស្នើគម្រោងវិនិយោគ និង អនុលោមភាពជាមួយនឹងបទដ្ឋានគតិយុត្តរបស់កម្ពុជា ដែលមានជាធរមាន ក្នុងគោលដៅសម្របសម្រួល និងជំរុញសកម្មភាពវិនិយោគផងទន្ទឹមនឹងការការពារ និងបង្កើនអត្ថប្រយោជន៍ជូនសង្គម-សេដ្ឋកិច្ចកម្ពុជា ជារួមផង។

សូមជម្រាបជូនថា គម្រោងវិនិយោគទាំង ៣ មានទុនវិនិយោគសរុប ប្រមាណជាង ២៥០ លានដុល្លារអាមេរិក និង អាចបង្កើតការងារបានប្រមាណ ១២ ០០០ កន្លែង ជូនប្រជាពលរដ្ឋកម្ពុជា នៅពេលដំណើរការពេញលេញ ដោយផ្តោតលើការវិនិយោគក្នុងវិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម ស្របតាមអាទិភាពនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន៕

អត្ថបទ៖ ប៊ី